ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង នៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ចំណុចផ្ទះគ្មានលេខ ផ្លូវ៣BT ក្រុមទី២ ភូមិចំរើនផលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្ដាលមកពីករណីឆ្លងចរន្តអគ្គិសនី ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះម្ចាស់ឈ្មោះ គួយ ផេង ភេទស្រី អាយុ៦៧ឆ្នាំ ។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះថ្មបេតុង ដែលមានទំហំ ១២.៥ម៉ែត្រ គុណ ១៧ម៉ែត្រ ឆេះបន្ទប់ចំនួន៤ អស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ៕
មតិយោបល់