ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូទៅយកកូនប្រសារនៅរោងចក្រ ត្រូវរថយន្តមិនចាំម៉ាកបើកកៀរ ជ្រុលចង្កូតបុកកន្ទុយកុងតឺន័រ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញៈ នៅវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមិនចាំម៉ាកកៀរម៉ូតូ បណ្ដាលឲ្យម៉ូតូជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងទៀត ស្លាប់មនុស្សម្នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផន ឌឹម ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រជាការពារភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក ហុងដាប៊ីត ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1GX-4013 ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូទៅយកកូនប្រសារនៅឯរោងចក្រ ដោយធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងមិនចាំស្លាកលេខ បើកមកកៀរម៉ូតូជនរងគ្រោះ បណ្ដាលឲ្យរេចង្កូតទៅបុកកន្ទុយរថយន្តកុងតឺន័រពីក្រោយ ដែលកំពុងឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ រងរបួសបែកក្បាលសន្លប់ស្ដូក ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់ តែអកុសលពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់