ព័ត៌មានជាតិ

Update៖ យុវជនពីរនាក់ជិះម៉ូតូបុករថយន្តឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: យុវជន០២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០១រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវបុរីអ៊ុក សឿន លែន ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ស្តារិច ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ 2AL 7188 បើកបរដោយឈ្មោះ ឡន ទូច ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបុសពោធិ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែកសពជនរងគ្រោះឈ្មោះ គង់ រដ្ឋនា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិល្បើក ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រួមដំណើរដោយយុវជនម្នាក់ទៀត ពួកគេទាំងពីរនាក់ ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខស្ទឹងត្រែង 1B 3159 ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ូតូបានបើកតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្តារិចខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីត្បូងទៅជើងបត់ឆ្វេង បំណងចូលផ្លូវបេតុងបុរីអ៊ុកសឿនលែន ម៉ូតូក៏ជ្រុលបុកក្បាល រថយន្តពីខាងស្តាំ បណ្តាលឱ្យដួលបែកក្បាលស្លាប់ម្នាក់ និងរបួសបាក់ភ្លៅស្តាំម្នាក់ ។

ភ្លាមៗនោះ សមត្ថកិច្ចចរាចរណ៍ខណ្ឌដែលបានដាក់គោលដៅ ត្រួតពិនិត្យក្បែរនោះ បានចេញមកវាស់វែង និងឃាត់ខ្លួនតៃកុងរថយន្ត បណ្តោះអាសន្ន រួចហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះដែលរងរបួសទៅមន្ទីរពេទ្យ ។

ក្រោយពីកើតហេតុ តៃកុងរថយន្ត និងរថយន្តព្រមទាំងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យចរសចរណ៍រាជធានី ដើម្បីចាត់ការតាមនីតិវិធី រីឯសពតម្កល់ទុករង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់