ព័ត៌មានជាតិ

រថយន្តបែនដឹកដី បើកគេចម៉ូតូឡើងសួនច្បារ ហើយបើករត់ត្រូវសមត្ថកិច្ចដេញតាមចាប់

ភ្នំពេញ: រថយន្តបែនដឹកដីមួយគ្រឿង បើកវ៉ាម៉ូតូមួយគ្រឿង មិនចាំម៉ាកបើកខាងមុខរថយន្ត ក៏បានបើកគេចពីម៉ូតូ ក៏ជ្រុលចង្កូតទៅឡើងលើ សួនច្បារពុះចែកទ្រូងផ្លូវ តែមិនព្រមឈប់ បានបើករត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់បានតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំស្តុបវិមាន ឈ្នះ ឈ្នះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចចរាចរណ៍ ដែលប្រចាំការនៅគោលដៅស្តុប លី យ៉ុងផាត់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦អាក្នុងទិសដៅត្បូងទៅជើង ខណ:ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូ មួយគ្រឿង បើកនៅខាងមុខ ហើយរថយន្តក៏បានបើកវ៉ា ហើយរថយន្តក៏បានបើកគេច រួចជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវតែម្តង ។ ក្រោយមករថយន្តបែនដឹកដីខាងលើ មិនព្រមឈប់នោះទេ បែបជាបើករថយន្តរត់គេចចេញកន្លែងកើតហេតុ ហើយកម្លាំងសមត្ថកិច្ច ក៏បានដេញតាមពីក្រោយ រហូតដល់ខាងក្រោយ សាលាបឋមសិក្សា ចំបក់មាស ទើបធ្វើការឃាត់បានរថយន្តដឹកដីខាងលើ តែម្តង ។

ក្រោយមកសមត្ថកិច្ច បានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ជើងគោក ដើម្បីចុះមកយកម្ចាស់រថយន្តបង្ក ទៅការិយាល័យនគរបាល ចរាចរណ៍ជើង នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ ៕

មតិយោបល់