ភ្នំពេញៈ នៅវេលាម៉ោង១១និង២១នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AQ-0751 មួយគ្រឿង បើកបរដោយគ្រូពេទ្យម្នាក់ សង្ស័យស្រវឹងស្រា ជ្រុលចង្កូតឡើងចិញ្ចើមផ្លូវ បុកកន្លែងលក់គុយទាវ និងមីឆា បណ្តាលឲ្យរងការខូចខាតសម្ភារៈ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមសេចក្តីរាយការណ៍ផ្ទាល់ពីភ្នាក់ងារសារព័ត៌មាន Post News នៅទីតាំងកន្លែងកើតហេតុ បានអធិប្បាយរាយសេចក្តីឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-0751 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ។ លុះពេលធ្វើដំណើរ បើកបរមកដល់ ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះរេចង្កូតជ្រុលល្បឿនឡើងចិញ្ចើមផ្លូវទៅបុកកន្លែងលក់គុយទាវ និងមីឆា ដាក់តាំងលក់ នៅចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់បែកតុ និងរាត់រាយសម្ភារៈខូចខាត ហើយធ្វើឲ្យស្រ្តីម្នាក់ជាម្ចាស់ បានរងរបួសត្រង់ជើង ។
ប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បានផ្តល់បទសម្ភាសន៍ឲ្យក្រុមការងារដឹងថា គាត់បានដាក់តាំងលក់គុយទាវ និងមីឆា នៅកន្លែងកើតហេតុនេះសុខៗ ស្រាប់តែឃើញរថយន្តបង្កបើកឡើងចិញ្ចើមផ្លូវមកបុកចំកន្លែងលក់របស់គាត់ បណ្តាលឲ្យខូចខាត ហើយគាត់បានត្រូវកជើងរងរបួស និងបានទារសំណងពីជនបង្កចំនួនប្រាំបីរយដុល្លារ ។ ជនរងគ្រោះបានបន្ថែមទៀតថា អ្នកបើកបររថយន្តបង្កហេតុ គាត់បើកបរមានជាតិស្រវឹងនៅក្នុងខ្លួន ។
ចំណែកភាគីខាងរថយន្តបង្កនោះវិញ ក៏បាននិយាយរៀបរាប់ ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ខណៈដែលគាត់កំពុងបើកបរ ក៏បានបើកគេចឧបសគ្គនៅខាងមុខរថយន្តរបស់គាត់ បណ្តាលឲ្យរថយន្តរបស់គាត់ រេចង្កូតជ្រុលល្បឿន ឡើងចិញ្ចើមផ្លូវទៅ បុកទីតាំងលក់គុយទាវនិងមីឆា បណ្តាលឲ្យស្រ្តីខាងលើរងរបួសត្រង់ជើង ហើយជនរងគ្រោះ បានទារគាត់ចំនួនប្រាំបីរយដុល្លារ តែគាត់ឲ្យប្រាំរយដុល្លារ ជនរងគ្រោះមិនព្រមនោះទេ ។ ភាគីបង្កបន្តទៀតថា គាត់មិនស្រវឹងស្រា នោះទេ ដោយសារធ្វើការនឿយហត់ខ្លាំង ហើយគាត់ក៏ជាគ្រូពេទ្យម្នាក់ផងដែរ ។ ជនរងគ្រោះរបួសជើងនេះ មិនជាធ្ងន់ធ្ងរប៉ុន្មាន នោះទេ គ្រាន់តែក្រឡាច់កជើង និងមានការឈឺចាប់បន្តិចខ្លះប៉ុណ្ណោះ អញ្ចឹងគាត់សងសំណងចំនួនប្រាំរយដុល្លារ ដល់ជនរងគ្រោះ ។
ករណីខាងលើនេះ ភាគីខាងរថយន្តបង្ក និងភាគីខាងជនរគ្រោះ ដោះស្រាយគ្នាមិនត្រូវនោះទេ ។ បន្ទាប់មកវត្តមានកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍សង្កាត់ស្ពានថ្ម បានចុះទៅពិនិត្យជួយអន្តរាគមន៍ និងនិយាយសម្របសម្រួល ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា បន្តទៀតនៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង ។ សូមបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងរថយន្តបង្ក គ្មានរងគ្រោះថ្នាក់នោះទេ ៕
មតិយោបល់