ទិន្នន័យពាណិជ្ជកម្មរបស់ចិនបានបង្ហាញកាលពីថ្ងៃអាទិត្យថា ការនាំចូលរបស់កូរ៉េខាងជើងពីប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងដល់តម្លៃ ១២,៣លានដុល្លារអាម៉េរិកកាលពីខែមិថុនា ពីតម្លៃ ២,៧១លានដុល្លារអាម៉េរិកកាលពីមួយខែមុន។
យោងតាមទិន្នន័យនោះបានឱ្យដឹងថា ការនាំចូលរបស់កូរ៉េខាងជើងបានធ្លាក់ចុះ ២៩ ០០០ដុល្លារអាម៉េរិក និង ៣ ០០០ដុល្លារអាម៉េរិកកាលពីក្នុងខែមករា និងកុម្ភៈរៀងៗខ្លួន មុនពេលមានការកើនដល់ ២៨,៧៥លានដុល្លារអាម៉េរិកកាលពី ក្នុងខែមេសា ហើយបន្ទាប់មកធ្លាក់ចុះម្តងទៀតកាលពីក្នុងខែឧសភា។
ការនាំចេញរបស់កូរ៉េខាងជើងទៅកាន់ប្រទេសចិនមានទឹកប្រាក់ចំនួន ១,៨១លានដុល្លារអាម៉េរិកកាលពីខែមិថុនា ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់តម្លៃ ១៤,១៣លានដុល្លារអាម៉េរិក។
ទិន្នន័យនោះបានបង្ហាញថា ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនៅក្នុងខែមិថុនាមានចំនួនត្រឹមតែ ៦ភាគរយប៉ុណ្ណោះនៃឆ្នាំកន្លងមក នៅពេលដែលវាឈានដល់តម្លៃ ២២៦,៦លានដុល្លារអាម៉េរិក៕
មតិយោបល់