ព័ត៌មានជាតិ

យន្តហោះ​ប្រយុទ្ធ​៩០​ភាគរយ​ត្រូវបាន​បំផ្លាញ​នៅ​ទ្រី​ប៉ូ​លី ធ្វើឲ្យ​អាមេរិក​ជម្លៀស​បុគ្គលិកទូត

​ក្រុង​ទ្រី​ប៉ូ​លី​៖ ការប្រយុទ្ធ​គ្នា​រវាង​កងជីវពល និង​កងកម្លាំង​រដ្ឋាភិបាល​លី​ប៊ី​បាន​កាន់តែ​កើន​ឡើង​តាំងពី​ពាក់កណ្តាល​ខែ​កក្កដា​ហើយ​មាន​សភាព​កាន់តែ​សាហាវ​មកដល់​ថ្ងៃអាទិត្យ នៅ​ក្រុង​នេះ ដើម្បី​ដណ្តើម​កាន់កាប់​ព្រលានយន្តហោះ​អន្តរជាតិ​ទ្រី​ប៉ូ​លី បណ្តាលឲ្យ​មាន​ផ្សែងហុយ​រាល់ថ្ងៃ​។​ការណ៍​នេះ​បាន​បង្ខំ​ឲ្យ​អាមេរិក​ប្រកាសអាសន្ន​ហើយ​អន្តរាគមន៍​គាំទ្រ​ពី​អាកាស​ផង​ដើម្បី​ជម្លៀស​បុគ្គលិក​ទូត​ចេញពី​ក្រុង​នេះ ខណៈ​យន្តហោះ​ប្រយុទ្ធ​៩០​ភាគរយ​ត្រូវបាន​បំផ្លាញ​នៅ​ទ្រី​ប៉ូ​លី​។

​តាម​ប្រភព​ពី​វេបសាយ​បរទេស​នានា​បានឲ្យដឹងថា កងជីវពល​បាន​វាយ​ជាមួយ​កម្លាំង​រដ្ឋាភិបាល​ដើម្បី​ដណ្តើម​កាន់កាប់​ព្រលានយន្តហោះ​អន្តរជាតិ​ទ្រី​ប៉ូ​លី​តាំងពី​ថ្ងៃ​១៤ កក្កដា មក ដោយ​រិញ​ទៅ​រុញ​មក ហើយ​ការ​វាយឆ្មក់​នានា​បាន​បណ្តាលឲ្យ​យន្តហោះ​ប្រយុទ្ធ​ប្រមាណ ៩០​ភាគរយ​ត្រូវបាន​បំផ្លាញ ក្នុងនោះ​ក៏​មាន​យន្តហោះ​ធំៗ​ដឹក​អ្នកដំណើរ​មួយចំនួន​ផង​ដែរ​។​

​ឧបទ្ទវហេតុ​នេះ​បា​ម​ជំរុញ​ឲ្យ​អាមេរិក​ដែល​មាន​ស្ថានទូត​របស់​ខ្លួន​នៅ​ក្បែរ​ព្រលានយន្តហោះ នេះ​បង្ខំចិត្ត​ធ្វើ​ការជម្លៀស​បុគ្គលិក​ទូត​ចេញ​ជា​បន្ទាន់ ដែល​ប្រតិបត្តិការ​អន្តរាគមន៍​នេះ មាន​ការគាំទ្រ​ការពារ​ពី​ទ័ពអាកាស​ថែមទៀត​ផង​។ បើតាម លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​និយាយថា អាមេរិក​បាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​នៅ​លី​ប៊ី​កាលពី​ថ្ងៃ​សៅរ៍ ដោយសារតែ​ពួកគេ​បាន​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ការប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ជុំវិញ​ព្រលានយន្តហោះ​ក្រុង​ទ្រី​ប៉ូ​លី​។​

​ការប្រកាស​នេះ បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​រដ្ឋាភិបាល​បណ្តោះអាសន្ន នៃ​ប្រទេស​នេះ​បាន​ព្រមាន​ថា ការប៉ះទង្គិច​គ្នា រវាង​កងជីវពល​ដែល​កំពុងដណ្តើម​ការគ្រប់គ្រង​ព្រលាន​យន្តហោះ​ជា​យុទ្ធសាស្ត្រ​នោះ កំពុង​គំរាមកំហែង​លី​ប៊ី​ទាំងមូល​៕​
libya1c

មតិយោបល់