ភ្នំពេញៈ សាលដីកាអនុវត្តសេចក្តីសម្រេចរក្សាការពារបើកផ្លូវមួយខ្សែជូនប្រជាពលរដ្ឋជាង៥០០គ្រួសារ ដើម្បីធ្វើដំណើរបានងាយស្រួល ដោយកន្លងមកផ្លូវមួយខ្សែនេះ ត្រូវបានអ្នកមានលុយ និងអំណាចបានសាងសង់ឃ្លាំង រោងសិប្បកម្មកែឆ្នៃឈើរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងបិទផ្លូវមិនឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ ដោយមើលឃើញពីភាពអយុត្តិធម៌ចំពោះប្រជាពលរដ្ឋស្លូតត្រង់តុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញសាលដីការក្សាការពារផ្លូវដែលមានទទឹង១០ម៉ែត្រ និងបណ្តោយជាង៧០០ម៉ែត្រនេះ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្បែរទីលានចាក់សំរាមចាស់ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ដោយមានការដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញសុរិយោដី អាជ្ញាធរខណ្ឌមានជ័យដោមានលោក ហួយ វីរៈ ជានាយករដ្ឋបាលបានដឹកនាំកងកម្លាំងជាច្រើននាក់។
ប្រជាពលរដ្ឋជាង៥០០គ្រួសារបានអបអរសាទរនឹងចំណាត់ការដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់តុលាការសាលាដំបូងរាជធានី ដែលបានបើកផ្លូវជូនពួកគាត់ធ្វើដំណើរបានងាយស្រួល ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រមុខរាជរដ្ឋាភិបាលដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ពួកគាត់ទាំងចាស់ទាំងក្មេងបានកាន់រូបថតសម្តេចទាំងពីរដោយមានទឹកមុខរីករាយជាទីបំផុតរកពាក្យអ្វីថ្លែងពុំបាន ហើយពួកគាត់បានរៀបរាប់ទុក្ខលំបាកកន្លងមកដោយផ្លូវមួយខ្សែនេះ ត្រូវគេបិទមិនឲ្យធ្វើដំណើរចេញចូលបាន ហើយពួគគាត់ព្រួយបារម្ភពីហានិភ័យគ្រប់បែបយ៉ាង ទើបនៅពេលនេះ ផ្លូវត្រូវបានបើកឲ្យធ្វើដំណើរទៅមកឡើងវិញបានជាធម្មតា៕
មតិយោបល់