កំពង់ស្ពឺៈ សម្តេចក្រឡាហោម ស ខេង ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់ក្រសួង ស្ថាប័ននានា ត្រូវតែធ្វើការ ផ្ទេរសិទ្ធអំណាចឲ្យទៅ រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តន៍កិច្ច ដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីប្រសិទ្ធភាពការងារ ។ សម្តេចក្រឡាហោម បានថ្លែងបែបនេះ ក្នុងដំណើរ ទស្សនកិច្ច ដើម្បីស្វែងយល់ពីដំណើរការ កែទម្រុងរដ្ឋបាល ថ្នាក់ក្រោមជាតិ នៅសាលាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦នេះ ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងតំបន់ឲ្យមានប្រសិទ្ធភាពខ្ពស់ គោលជំហររបស់រាជរដ្ឋាភិបាល ចំពោះកំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិសំខាន់ៗ ៖ ទី១-រាជរដ្ឋាភិបាល នឹងផ្ទេរមុនងារ សំខាន់ៗមួយចំនួន មកថ្នាក់ក្រោមជាតិឲ្យកាន់តែច្រើន ពិសេសនៅថ្នាក់ខេត្ត ក្រុង ស្រុក ដូចការងារអប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បរិស្ថាន អភិវឌ្ឍន៍ជនបទ សាធារណការ…។ ល ។
សម្តេច បានលើកឧទាហរណ៍ថា ក្រុង ស្រុក នឹងគ្រប់គ្រងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិស័យគាំទ្រ ក្នុងវិស័យ អប់រំផ្សេងៗទៀត ក្នុងនោះស្ថិតនៅក្រោមការគ្រប់គ្រង ដោយផ្ទាល់របស់រដ្ឋបាលខេត្ត ក្រុង ស្រុកតែម្តង និងអាចនិយាយបានម្យ៉ាងទៀតថា រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវធ្វើការជាមួយ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញរបស់ខ្លួនផង ដែលពីមុនក្រសួងធ្វើការ ផ្ទាល់តែជាមួយមន្ទីរចំណុះសាមី អង្គភាពរបស់ខ្លួនប៉ុណ្ណោះ ,ទី២-ការផ្ទេរធនធានទាំងមនុស្ស និងថវិកាកាន់តែច្រើនជាងមុន ដល់ថ្នាក់ខេត្ត ក្រុង ស្រុក ដើម្បីបម្រើប្រយោជន៍ ជួនប្រជាពលរដ្ឋ ,ទី៣-នៅពេលបើកច្រកចេញចូល តែមួយដំណើរការ សូមឲ្យរដ្ឋបាលស្រុក ពិនិត្យមន្ត្រីរបស់ត្រូវពង្រឹង សមត្ថភាព និងប្រព័ន្ធការងារឲ្យបានល្អប្រសើរ ,ទី៤-ពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពកាន់ប្រសើរ ដើម្បីសន្តិសុខ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានតែម្តង ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញដល់គ្រប់ក្រសួង ស្ថាប័ន នានាកុំនូវស្ទាក់ស្ទើក្នុងការផ្ទេរ សិទ្ធិអំណាច ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានន័យថា “ការផ្ទេរមុខងារ និងធនធាន ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាកត្តាស្លាប់រស់ នៃកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ព្រោះថា បើគ្មានការផ្ទេរមុខងារ និងសិទ្ធិអំណាច ច្បាស់លាស់ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិទេ ពុំចាំបាច់រៀបចំ យន្តការទាំងនោះឡើយ ។
ដូច្នេះមិនត្រូវបន្តអូសបន្លាយពេលវេលា ឬមានភាពស្ទាក់ស្ទើ ក្នុងការផ្ទេរមុខងារ និងធនធាន និងសិទ្ធអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តទៀតឡើយ ដោយសារភាព យឺតយ៉ាវទាំងនេះ បានធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងធ្វើឲ្យរាំងស្ទះដល់ឆន្ទៈ នយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការអភិវឌ្ឍរដ្ឋ បាលថ្នាក់ក្រោម ជាតិឲ្យក្លាយទៅជាស្ថាប័នប្រជាធិបតេយ្យ និងជាស្ថាប័នតំណាង ប្រជាពលរដ្ឋពិតប្រាកដក ក្នុងការរៀបចំផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ។
ក្នុងឱកាសដំណើរ ទស្សនកិច្ចស្វែងយល់ការងារ មួយចំនួនមុននឹង រដ្ឋបាល ស្រុកឧដុង្គបើកដំណើរ ច្រកចេញចូលតែមួយ សម្រាប់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួននោះមានការចូលរួមពី អាជ្ញាធរខេត្តខេត្ត ប្រធានក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ យ៉ាងច្រើនកុះករផងដែរ ៕
មតិយោបល់