ព័ត៌មានជាតិ

ប្រទេសចិន និងអេហ្ស៊ីប សម្រេចរួមគ្នាបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប

ប្រទេសចិន និងអេហ្ស៊ីប បានសម្រេចរួមគ្នាបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥០០ ០០០ដូសដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្រ្ទីប ដើម្បីដោះស្រាយនូវតម្រូវការបន្ទាន់របស់ប្រជាជនក្នុងតំបន់នោះ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយសមភាគីអេហ្ស៊ីប លោក Sameh Shoukry ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង ទៅកាន់ទីក្រុង Alamein ដែលជាទីក្រុងឆ្នេរមួយនៅភាគខាងជើងប្រទេសអេហ្ស៊ីប។

ប្រទេសទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនៃការផ្ទុះឡើងវិញនៃជម្លោះរវាងប៉ាឡេស្ទីន – អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ ដោយបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងបន្តជំរុញដំណោះស្រាយដោយយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីន សហគមន៍អន្តរជាតិក៏ត្រូវតែយកចិត្តទុកដាក់ចំពោះស្ថានភាពមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនផងដែរ ជាពិសេសការចាត់វិធានការណ៍ជាក់ស្តែងដើម្បីជួយប្រជាជនក្នុងតំបន់នេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

វ៉ាក់សាំងដែលត្រូវបានបរិច្ចាគនឹងត្រូវផលិតនៅរោងចក្រផលិតរួមគ្នាដែលបង្កើតឡើងដោយប្រទេសទាំងពីរនៅអេហ្ស៊ីប ហើយត្រូវបានបញ្ជូនទៅតំបន់នោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមរយៈការសម្របសម្រួលជាមួយភាគីប៉ាឡេស្ទីន៕

មតិយោបល់