ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីលួច

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលបណ្តឹងតាមទូរស័ព្ទពីលោកមេភូមិនិគមកណ្តាល ថានៅចំណុចវាលស្រែស្ថិតក្នុងក្រុមទី០៥ ភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល មានករណីបទលួចម៉ូតូ ០១គ្រឿង ដែលបង្កឡើងដោយជនសង្ស័យ១នាក់ ។

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែននគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយក្នុងករណីលួចយកម៉ូតូខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវ។

មន្ត្រីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ៖ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩និង១០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ វណ្ណា រ៉ូដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនិគមក្នុង ឃុំជ្រោយស្តៅ ស្រុកថ្មគោល ។ ចំណែកឯជនរងគ្រោះឈ្មោះ ហួន ដាំ ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល។

រីឯវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1X-6106 លេខតួលេខម៉ាស៊ីន ND125NE9710793 ។

ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយមកមកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

មតិយោបល់