កំពង់ស្ពឺៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្ត២គ្រឿងបានប៉ះទង្គិចគ្នាខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាបង្កការភ្ញាក់ផ្អើលពលរដ្ឋទាំងកណ្ដាលអធ្រាត្រថៃ្ងទី១៩កក្កដារួចក្រឡាប់បុកចូលផ្ទះពលរដ្ឋទាំងទើបតែត្រូវបានសមត្ថកិច្ចទាញយកចេញបាននៅរសៀលថៃ្ងទី២០ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងចន្លោះគឺឡូម៉ែតលេខ៤២-៤៣នៅលើកំណាត់ផ្លូវជាតិ៤ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ- ស ពាក់ស្លាកលេខភ្នំពេញ3F-2032 មានសណ្តោងស៉ឺមីរ៉ឺម៉កពាក់ ស្លាកលេខ ភ្នំពេញ4A-7482 បើកបរដោយឈ្មោះ ផាន ឌីណា ភេទប្រុស អាយុ25ឆ្នាំ មានតៃកុងអែបឈ្មោះ គិត ធីម ភេទប្រុស អាយុ20ឆ្នាំ មានទីលំនៅភូមិស្រែខ្ញែ ឃុំពោធី៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រភពបន្តថារថយន្តខាងលើមានដឹកទំនិញប្រភេទស្រាបៀរភេសជ្ជៈកំប៉ុងជាច្រើនមុខបើកបរពីទិសខាងកើតទៅទិសខាងលិចរីឯរថយន្តម៉ាកកូរូឡាពណ៌បៃតងពាក់ស្លាកលេខព្រះសីហនុ2B-6836ធ្វើដំណើរបញ្ច្រាសទិសគ្នាបើកបរដោយឈ្មោះហ៊ឹម សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្បែសឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួចបានបុកគ្នាយ៉ាងពេញទំហឹង។
ក្នុងហេតុការណ៍ខាងលើបណ្ដាលឱ្យរបួសមនុស្ស២នាក់(ធ្ងន់១នាក់)រថយន្តខូចខាតទាំងពីរគ្រឿង,បាក់បង្គោលភ្លើង១ដើម,បាក់សរសរផ្ទះ១ដើមនិងខូចខាតសំយាបមុខផ្ទះ។
ជាមួយគ្នានេះកម្លាំងនគរបាលចរាចរណ៍បានចុះរៀបចំសណ្តាប់ធ្នាប់និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋមិនឲ្យមានការកកស្ទះផងដែរ។
ករណីនេះកម្លាំងនគរបាលជំនាញបាននាំយករថយន្តទាំង២គ្រឿងមករក្សាទុកដើម្បីដោះស្រាយបន្តតាមនីតិវិធី៕
មតិយោបល់