ព័ត៌មានជាតិ

រថយន្តស្តារិកបុកពីក្រោយហ៊ីយ៉ាន់ដាយ បណ្តាលឲ្យមនុស្ស០២នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនស្រាល និងរថយន្តធុនធ្ងន់ បណ្តាលឲ្យមនុស្ស ចំនួន០២នាក់ រងរបួសធ្ងន់ធ្ងរ ស្ថិតនៅលើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី១៧ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា៖ មានរថយន្តម៉ាកស្តារិក (Starex) ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៩ ពាក់ផ្លាកលេខ ភ្នំពេញ 2A-3279 បើកបរពីទិសខាងជើងទៅត្បូងដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5746 ដែលចតនៅលើចិញ្ចើមផ្លូវ ខាងលិចក្នុងទិសដៅស្រប បណ្តាលឲ្យរថយន្តស្តារិក គាបជាប់នឹងគូទរថយន្តហ៊ីយ៉ាន់ដាយ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាលចំនួន ០២នាក់ប្រុស ។ អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយឈ្មោះ វ៉ាង សារឿត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ចំណែកអ្នកបើកបររថយន្តស្តារិកឈ្មោះ ម៉ែន យ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរកណ្តោល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ទឹម ឈឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូរកណ្តោល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត រងរបួសធ្ងន់ ។ ជនរងគ្រោះទាំង០២នាក់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ករណីនេះ កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងរួចដកហូត មធ្យោបាយបង្កទាំងពីរយកមករក្សាទុក នៅអធិការដ្ឋានស្រុក រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់