មហាសេដ្ឋី Jeff Bezos បានវិលត្រឡប់ពីអវកាសមកកាន់ផែនដីវិញប្រកបដោយសុវត្ថិភាពកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីស្ថិតនៅអវកាសអស់រយៈពេល១០នាទីនៅក្នុងយានអវកាសNew Shepard របស់ក្រុមហ៊ុន Blue Origin របស់លោក។
លោក Bezos បានថ្លែងបន្ទាប់ពីយានអវកាសរបស់លោកចុះចតនៅក្បែរក្រុង Van Horn រដ្ឋ Texas ថា៖ «នេះគឺជាថ្ងៃដ៏ល្អបំផុត»។
យានអវកាសរបស់លោកត្រូវបានដាក់ឈ្មោះតាមលោក Alan Shepard ដែលជាអវកាសយានិកអាមេរិកដំបូងបង្អស់ដែលបានទៅអវកាស។
លោក Bezos ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក បានធ្វើដំណើរពីផែនដីទៅអវកាសកាលពីថ្ងៃអង្គារ ពីរដ្ឋ Texas សហរដ្ឋអាមេរិក។ លោកបានក្លាយជាមហាសេដ្ឋីទីពីរដែលបានទៅដល់អវកាសនៅក្នុងខែនេះដោយចាយវាយប្រាក់កាសផ្ទាល់ខ្លួន។
មហាសេដ្ឋីអង់គ្លេស លោក Richard Branson បានធ្វើដំណើរទៅកាន់អវកាសកាលពីថ្ងៃទី១១ ខែកក្កដាកន្លងទៅនេះ ជាមួយនឹងក្រុមការងារចំនួន៥នាក់ ដោយប្រើប្រាស់យានអវកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Virgin Galactic របស់លោក។
លោក Bezos អាយុ៥៧ឆ្នាំជាស្ថាបនិកក្រុមហ៊ុនលក់ឥវ៉ាន់តាមអនឡាញ Amazon ហើយលោកបានបង្កើតក្រុមហ៊ុន Blue Origin ឡើងកាលពីឆ្នាំ ២០០០ ក្នុងគោលបំណងបង្កើតទីតាំងអចិន្ត្រៃយ៍នៅអវកាសដែលអាចឲ្យមនុស្សរស់នៅនិងធ្វើការបាន៕
មតិយោបល់