ព័ត៌មានជាតិ

មុខសញ្ញាកាច់ក និងឆ្កឹះសោម៉ូតូចំនួន០៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃាត់ខ្លួនបានម្នាក់

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន និង២នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីជួបកម្លាំងល្បាតរបស់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងនៅចំណុចផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ សេង ហួ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន)។ ទី២-ឈ្មោះ អា តា ស ភេទប្រុស អាយុ២៧ឆ្នាំ (គេចខ្លួន) ។ ទី៣-ឈ្មោះ អា សូ ភេទប្រុស អាយុ២៣ឆ្នាំ (គេចខ្លួន) ។

បន្សល់ទុកនៅមធ្យោបាយធ្វើដំណើរម៉ូតូ១គ្រឿង ម៉ាកហុង ដា គុបជ្រុង ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ កណ្តាល 1A-9262 និងវត្ថុតាង ដែកឆ្លឹះសោ១ កូនសោលេខ៨ចំនួន១ និងដែកសម្រាប់កាច់សោក ម៉ូតូចំនួន១ ។

តាមប្រភពព័ត៌មាន ពេលឃាត់ខ្លួនជនសង្ស័យខាងលើ ដោយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានសហការជាមួយកម្លាំង ប្រជាការពារភូមិ ព្រៃល្វា ដើម្បីចេញល្បាតពួនស្ទាក់ទប់ស្កាត់រាល់បទល្មើស កើតមានក្នុងមូលដ្ឋាន ពេលមកដល់ចំណុច កើតហេតុខាងលើ មានជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកគុបជ្រុង ខាងលើ ពីកើតទៅលិចពេលនោះកងកម្លាំងបានហៅ ក្រុមជនសង្ស័យខាងលើឲ្យឈប់ ដើម្បីធ្វើការសួរនាំ ពេលបក្ខពួក២នាក់ បានរត់គេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចឃាត់បានម្នាក់ និងរកឃើញប្រដាប់សម្រាប់ ឆ្កឹះសោ និងកាច់សោក ម៉ូតូ ១ឈុតតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ កសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្ត ៕

មតិយោបល់