ព័ត៌មានជាតិ

ជនសង្ស័យ០៣នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ​អង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)
ផ្លូវបេតុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ កាន់ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ភូមិត្រពាំងរកា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យ០៣ នាក់ប្រុស៖ ១-ឈ្មោះ ប៊ូ សម្បត្តិ ភេទប្រុសកើតឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ២-ឈ្មោះ តេង សុភ័ក្រ ភេទប្រុសកើតឆ្នាំ២០០៥ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិដំណាក់៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ ៣-ឈ្មោះ ឡុង ពន្លឺ ភេទប្រុសអាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅក្រោយវត្តជម្ពូរវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖1-កាបូបស្ពាយពណ៌ខ្មៅចំនួន០១ក្នុងមាន៖ -ទូរស័ព្ទដៃចំនួន០២គ្រឿង​ (ម៉ាក iPhone 6 Plus ពណ៌ទឹកមាសចំនួន០១គ្រឿង និងម៉ាក iPhone XS Max ពណ៌ទឹកមាសចំនួន០១គ្រឿង)។ -ប្រាក់រៀលចំនួនបួនសែនរៀល (400000៛)។ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះនួន ភិរុណ (សេរីចាស់) ចំនួន០១សន្លឹក។ (ជារបស់ជនរងគ្រោះយកបានមកវិញ) 2-ម៉ូតូ០១គ្រឿងម៉ាកសង់C125 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីន5868937 ពាក់ផ្លាក់លេខភ្នំពេញ 1IN-0044 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការងាររោងចក្រ នៅក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ឆ្ពោះទៅផ្ទះវិញ ។ ពេលជិះទៅដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូចំនួន០២គ្រឿង ក្នុងនោះមានម៉ាកសង់ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ជិះគ្នា០២នាក់ និងម៉ាកស៊ុយហ្សូគីនីច ពណ៌ស លាយលឿង ផលិត២០២០ជិះម្នាក់ឯង ហើយម៉ូតូម៉ាកសង់បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ របស់ជនរងគ្រោះបានសម្រេច ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូង ដោយម៉ូតូម៉ាកនីចជិះបិទគូទពីក្រោយ ទើបជនរងគ្រោះបានស្រែកឮៗ ថាចោរៗឆក់កាបូប និងបានជិះម៉ូតូដេញតាមពីក្រោយចោរ រហូតក៏បានជួបខាងសមត្ថកិច្ចប៉ុស្ដិ៍បឹងធំ កំពុងល្បាតតាមផ្លូវ ហើយបានជួយដេញស្ទាក់ លុះដល់ចំណុចផ្លូវរថភ្លើងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទើបសមត្ថកិច្ចបានឃាត់ខ្លួន បានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកសង់ ចំណែកម៉ូតូម៉ាកនីចបានជិះគេចខ្លួនបាត់ទៅ ។ ក្រោយពីសមត្ថកិច្ចប៉ុស្ដិ៍បឹងធំ ឃាត់ខ្លួនជនសង្ស័យបានហើយក៏សួរនាំ និងបានជូនដំណឹង មកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីប្រគល់ជនសង្ស័យ រួមជាមួយវត្ថុតាងដូចខាងលើ ។

ជនសង្ស័យឈ្មោះ ប៊ូ សម្បត្តិ បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះ តេង សុភ័ក្រ និងឈ្មោះ ឡុង ពន្លឺ បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ របស់ជនរងគ្រោះពិតមែន ហើយខ្លួននិងបក្ខពួកខាងលើ បានធ្លាប់ធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ បានចំនួន០៧លើកមកហើយ ជនសង្ស័យទាំង០២នាក់ខាងលើ គ្មានសារធាតុញៀន នៅក្នុងទឹកនោម ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់