បន្ទាយមានជ័យៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងរបស់ស្រ្តីវ័យចំណាស់ម្នាក់ឈ្មោះ សៀង មួយ អាយុ៦១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងពីកូនប្រុសបង្កើតរបស់គាត់ឈ្មោះ សៀង អឿត អាយុ២៨ឆ្នាំ បានជេរប្រមាថ និងប្រើអំពើហិង្សាដោយយកអង្រែមកវាយលើរូបគាត់ ដែលជាម្ដាយបង្កើត។
ហើយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ កូនប្រុសរបស់គាត់បានលួចទ្រព្យសម្បត្តិក្នុងផ្ទះយកទៅលក់ដើម្បីយកលុយទិញគ្រឿងញៀនមកប្រើប្រាស់ និងបង្ករជម្លោះជាមួយអ្នកជិតខាងបន្ថែមទៀត ដោយយកកាំបិតផ្គាក់មកកាន់នឹងដៃបម្រុងកាប់គេទៀតផង ស្រ្តីដែលជាម្ដាយឃាត់មិនស្ដាប់ទើបសម្រេចចិត្តមកប្ដឹងសមត្ថកិច្ចអាវុធហត្ថក្រុង.ឱ្យជួយអន្តរាគមន៍តែម្ដង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងរបស់ស្រ្តីដែលជាម្ដាយជនសង្ស័យខាងលើ លោកបានចាត់តាំងកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនឈ្មោះ សៀង អឿត និងដកហូតបានកាំបិតចំនួន០១ដើម ដងឈើ ប្រវែង៦៨សង់ទីម៉ែត្រ ហើយនាំមកកាន់មូលដ្ឋានកងរាជអវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យ ក្រោយពីកម្លាំងជំនាញសួរនាំរួចបានសារភាពថា រូបគេពិតជាបានប្រើប្រាស់គ្រឿងញៀនជាយូរឆ្នាំមកហើយ ដោយពេលរូបគេប្រើប្រាស់គ្រឿងញៀនម្ដងៗ រូបគេតែងតែជេរប្រមាថ និងប្រើអំពើហិង្សាលើម្ដាយបង្កើតខ្លួនឯងពិតប្រាកដមែន ហើយរូបគេតែងតែបង្កជម្លោះនឹងអ្នកជិតខាងដូចម្ដាយខ្លួនរៀបរាប់ក្នុងពាក្យបណ្ដឹងផងដែរ ។
ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ និងវុត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះផងដែរ ៕
មតិយោបល់