ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តកាមារីមួយគ្រឿង បោះពួយយ៉ាងលឿន ខណៈមកដល់ផ្លូវកោងបួងចង្កូតខ្លាំងពេក ក៏ជ្រុលទៅបុករបងថ្មដីឡូត៍ទុកចោលមួយកន្លែង កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចទល់មុខបុរីថៃឈុនគ្រី តាមបណ្ដោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាកកាមារី ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2C-9199 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ២០១១ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវមានសភាពកោងរថយន្តនោះ ក៏បានបួងចង្កូតទៅខាងស្តាំ ដោយមិនប្រយ័ត្នក៏ជ្រុលទៅបុក និងរបងថ្មដីឡូត៍ទុកចោល បណ្តាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខចំហៀងខាងស្ដាំ យ៉ាងដំណំទៅមុខលែងរួច ចំណែកឯរបងដីឡូត៍ បានរងការខូចខាតបែកប្រេះបន្តិចបន្តួច ។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ជាបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់