កណ្តាលៈ នៅថ្ងៃសៅរ៍ ០៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៧ និង០០នាទី នៅចំណុចកើតហេតុទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះកិច្ចប្រតិបត្តិការបង្រ្កាបករណី (ប៉ុនប៉ងឃាតកម្មហិង្សា លើអ្នករាជការសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់) ។
ជនរគ្រោះឈ្មោះ ហុង សុខលី ភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មុខងារនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ។ ចំណែកជនសង្ស័យឈ្មោះ ពៅ ហុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបររថយន្តប្រភេទផ្លូវ៤ មានទីលំនៅ ភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន ) ។
សម្ភារខូចខាតរួមមាន៖-កញ្ចក់ទ្វារចំនួន០១ផ្ទាំង។-កញ្ចក់បង្អួចចំនួន០១ផ្ទាំង។-កញ្ចក់ដាក់លើតុចំនួន០១ផ្ទាំង
-ខូចខាតទូរដាក់ឯកសារចំនួន០២។-ខូចខាតកុំព្យូទ័រចំនួន០១គ្រឿង។-ខូចខាតកន្លែងទុកដាក់អាវុធ និងធ្លុះដំបូលប៉ុស្តិ៍។
សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុជនសង្ស័យបានបើកឡានធុនធំពីត្បូងមកជើង ពេលមកដល់ខាងមុខប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ក៏រេចង្កូតមកបុកបង្គោលភ្លើង០៣បង្គោល និងដាច់ខ្សែភ្លើងប្រមាណ៦០ម៉ែត្ររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន នៅវេលាម៉ោង១៣ និង៥០នាទី ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍បានឃាត់រថយន្ដ និងជនបង្កទុកនៅប៉ុស្តិ៍ ដើម្បីរង់ចាំថៅកែជាម្ចាស់ឡានមកដោះស្រាយ ជួសជុលដាក់បង្គោលភ្លើងនិងតភ្លើងសាជាថ្មី ។ នៅពេលដែលថៅកែដែលជាម្ចាស់រថយន្តឈ្មោះ គង់ ជៀបឡេង ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិពេទ្យអរជូន ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានមកដល់នៅវេលាម៉ោងប្រមាណ១៤ និង៤០នាទី ក៏បានជួបនិយាយសម្របសម្រួលដោះស្រាយ ហើយថៅកែរថយន្តក៏បានយល់ព្រម ជួយរកជាងមកជួសជុលបង្គោល និង តភ្លើងឡើងវិញ ។ នៅខណៈពេលដែលជាងកំពុងតភ្លើង ក៏មានប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងបាត់អត្តសញ្ញាណប័ណ្ណ និងធ្វើសៀវភៅស្នាក់នៅ ពេលនោះដែរមន្រ្តីប៉ុស្តិ៍បានចាក់សោបើកទ្វារបន្ទប់ដាក់ឯកសារ ដើម្បីយក ទម្រង់ឯកសារមកបំពេញបែបបទជូនប្រជាពលរដ្ឋ ។
បន្ទាប់ពីបានយកឯកសារមកគ្រប់ហើយ ក៏បានចេញមកក្រៅវិញ ដោយទាញទ្វារអិប ដោយមិនបានចាក់សោវិញទេ មួយរំពេចនោះដែរ ស្រាប់តែជនសង្ស័យឈ្មោះ ពៅ ហុង បានរត់ចូលបន្ទប់ដាក់ឯកសារ និងអាវុធ ដោយបានដាក់គន្លឹះទ្វារពីខាងក្នុងមិនឱ្យអ្នកណាចូលទេ ពេលនោះគឺវេលាម៉ោង១៧ និង០០នាទី នៅក្នុងបន្ទប់ធ្វើការនោះគឺមានឯកសាររដ្ឋបាលប៉ុស្គិ៍ និងអាវុធAKចំនួន០៣ដើម AKបត់២ដើម AKស្វាយកាត់១ដើម។
បន្ទាប់មកទាំងសមត្ថកិច្ចប៉ុស្តិ៍ និងថៅកែជាម្ចាស់រថយន្តបាននិយាយលួងលោម ឱ្យជនសង្ស័យបើកទ្វារចេញមកក្រៅវិញ តែជនសង្ស័យមិនបានចេញមកតាមការសំណូមពររបស់សមត្ថកិច្ច និងថៅកែដែលជាម្ចាស់រថយន្តទេ ឃើញដូច្នេះ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ ជូនលោកអធិការស្រុកកោះធំ ដើម្បីមានគោលការបន្ត ។
លុះដល់ម៉ោងប្រមាណ១៩និង ២៨នាទី ជនសង្ស័យក៏បានយកអាវុធរបស់ប៉ុស្តិ៍នោះបាញ់គំរាមមកលើសមត្ថកិច្ចនគរបាល ជាបន្តបន្ទាប់អស់ចំនួន០៣គ្រាប់។
ស្របពេលនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ មកដល់ ក្រោយមកជនសង្ស័យក៏បានផ្ទុះអាវុធបាញ់ជាបន្តបន្ទាប់អស់០៤គ្រាប់ទៀត ទើបកម្លាំងដែលដឹកនាំបង្ក្រាបផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោស្នងការ បានប្រើប្រាស់គ្រប់វិធានការជំនាញ រហូតដល់វេលាម៉ោង២២និង១០នាទី ទើបទម្លុះទ្វារបាញ់កាំភ្លើងផ្សែង បង្ហូរទឹកភ្នែកចូលក្នុងបន្ទប់នោះ ទើបជនសង្ស័យរត់ចេញមកក្រៅ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្ដង ។
ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់