ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ទើបចេញពីគុកប្រើសារធាតុញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាជនសង្ស័យវ័យចំណាស់ម្នាក់ ធ្លាប់ជាប់គុកចេញមកវិញមិនរាងចាល ប្រើប្រាស់គ្រឿងញៀនទៀត មកដល់ផ្ទះវាយបំផ្លាញព្រទ្យសម្បត្តិ និងប្រពន្ធកូនឲ្យរបួស ត្រូវអាវុធហត្ថឃាត់ខ្លួននៅល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ ការឃាត់ខ្លួននេះ យោងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្នុងករណីហិង្សា ក្នុងគ្រួសារ ដោយជនប្រព្រឹត្តធ្វើសកម្មភាព វាយបំផ្លាញព្រទ្យសម្បត្តិ និងប្រពន្ធកូន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ក្រោយពីទទួលបានពាក្យប្តឹង ពីជនរងគ្រោះស្ត្រីជាប្រពន្ធ លោកបានដឹកនាំកំលាំងអាវុធហត្ថ១ក្រុម ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនបុរសជាប្ដីមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។​ ប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ ធ្លាប់ជាប់គុក១ឆ្នាំមកហើយ ពេលចេញពីគុកមកវិញ មិនដែលគិតគូររកស៊ីទេ ដើរជក់ថ្នាំញៀនឡើងចង់ឆ្កួត ពេលមកដល់ផ្ទះវាយព្រទ្យសម្បត្តិនិងប្រពន្ធកូន មិនដែលលោះថ្ងៃឡើយ ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់មកពីជក់ថ្នាំញៀនវិញ បានវាយព្រទ្យសម្បត្តិ និងប្រពន្ធកូនឲ្យរងរបួសគ្រប់គ្នារហូត ដោយស៊ូទ្រាំនិងប្តីហេងស៊យលេងបាន ទើបដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកមេបញ្ជាការបានបញ្ជាក់ថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជិម រ៉ា បានសារភាពថា ខ្លួនធ្លាប់ជាប់គុករយៈពេល១ឆ្នាំ ចេញមកវិញប្រើប្រាស់គ្រឿងញៀននិងបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងប្រពន្ធកូនប្រាកដមែន ។ ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកលើការស្ដាប់ចម្លើយរបស់ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះហើយ ៕

មតិយោបល់