បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅស្រុកថ្មគោល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធ្ងន់ និងម៉ូតូ ០២លើក បណ្តាលឲ្យមនុស្សចំនួន០៥នាក់ រងរបួសធ្ងន់ស្រាល កើតឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។
ករណីទី១ នៅវេលាម៉ោង១២ និង៤០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០៥ ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានម៉ូតូម៉ាកហុងដាឌ្រីម (HONDA-DREAM) C១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ផ្លាកលេខ ប.មានជ័យ 1E-9933 បើកបរលើផ្លូវលំ ទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបើកឡើងលើផ្លូវជាតិលេខ៥ រួចបត់ឆ្វេងសសៀរ ទៅទិសខាងជើង ក្នុងល្បឿនលឿនធ្វើឲ្យរថយន្តដឹកទំនិញធុនធ្ងន់ ម៉ាកមីតស៊ុយប៊ីស៊ី (MITSUBISHI) ពណ៌ទឹកប្រាក់ លាយបៃតង ស៊េរី១៩៩០ ពាក់ផ្លាកលេខ កំពង់ចាម3A-0753 បើកបរពីទិសខាងជើងទៅត្បូង បានបុកម៉ូតូកំពុងឆ្លង បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ស្រី ០១នាក់ ។
១-អ្នកបើកបរម៉ូតូឈ្មោះ សារឿង ប្រុសពេជ្រ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។ ២-អ្នករួមដំណើរឈ្មោះ លាង ហូវ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ៣-អ្នករួមដំណើរឈ្មោះ កែវ វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង រងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)និង៤-អ្នកបើកបររថយន្ត ឈ្មោះ អៀង វ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានបន្តអោយដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទី២ នៅវេលាម៉ោង២១ និង១០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី១៥ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានម៉ូតូម៉ាកហុងដាឌ្រីម (HONDA-DREAM) C១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ផ្លាកលេខ សៀមរាប 1M-5080 បើកបរលើទ្រូងផ្លូវខាងកើត ទិសដៅពីជើងទៅត្បូងដល់ចំណុចកើតហេតុ ផ្លូវតម្រូវងាកស្តាំ ក៏បើកទៅមុខត្រង់ជ្រុល ទៅបុករថយន្តដឹកទំនិញធុនតូច ម៉ាកគាហ្វ្រុនធា (KIA FRONTIER) ពណ៌ខៀវ ស៊េរី២០០១ ពាក់ផ្លាកលេខកំពង់ធំ 2A-4129 បើកបរលើទ្រូងផ្លូវខាងលិច កំពុងវាងមកទ្រូងផ្លូវខាងកើត ក្នុងទិសដៅផ្ទុយបណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ចំនួន០២នាក់ ស្រី០១នាក់ ។
១-អ្នកបើកបរម៉ូតូឈ្មោះ សេម ជួត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ ។ ២-អ្នករួមដំណើរឈ្មោះ ស៊ិន ធី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់ និង៣-អ្នកបើកបររថយន្តឈ្មោះ ហុង សិរីរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីរខាងលើនេះ កម្លាំងនគរបាលជំនាញស្រុក និងកម្លាំងប៉ុស្តិ៍តាម៉ឺនបានយករថយន្តសង្គ្រោះចំនួន ០២គ្រឿង ដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកថ្មគោល រួចធ្វើការវាស់វែង និងដកហូតសម្ភារៈតាងបង្កទាំងសងខាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកថ្មគោល រង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់