ព្រះសីហនុៈ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួនជាង ២,០០០នាក់ បានធ្វើដំណើរតាមនាវាយក្សមួយគ្រឿងមានឈ្មោះ DAWN PRINCESS បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល១ថ្ងៃ។
លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍បរទេសធុនយក្សមួយគ្រឿងមានឈ្មោះ DAWN PRINCESS សញ្ជាតិ BERMUDA មានបណ្តោយ ២៦១,៣១ម៉ែត្រ ទទឹង៣២,២៨ម៉ែត្រ ជម្រៅទឹក ៨,១០ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២,០០៤នាក់ ស្រី ១០៩៨នាក់ មាន ២៦សញ្ជាតិផ្សេងគ្នា។ មាននាវិកសរុប៨៤៧នាក់ ស្រី១១២នាក់ មាន២០សញ្ជាតិ បានធ្វើដំណើរតាមនាវាទេសចរណ៍បរទេស DAWN PRINCESS មកពីប្រទេសវៀតណាមចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នៅវេលាម៉ោង៦និង៣០នាទីព្រឹកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងដំណើទស្សនាចរនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ មុននឹងធ្វើដំណើចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃនៅវេលាម៉ោង៤ល្ងាចថ្ងៃដដែល។
លោកវរសេនីយឯក ស៊ាង ឡេង បានឲ្យដឹងបន្តទៀតថា នាវាទេសចរណ៍ DAWN PRINCESS បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេ មានដូចជាអូស្ត្រាលី ១,៤៥៤នាក់ ញូសឺឡែន ២១០នាក់ អង់គ្លេស ១១៨នាក់ និងមានភ្ញៀវសញ្ជាតិផ្សេងទៀត ហើយភ្ញៀវដែលធ្វើដំណើរតាមនាវា DAWN PRINCESS ភាគច្រើនជាមនុស្ស ដែលមានវ័យចំណាស់។
បើតាមការឲ្យដឹងពីពលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុឲ្យដឹងថា បន្ទាប់ពីខានចូលចតរបស់នាវាទេសចរណ៍រយៈពេលជាងពីរខែមកនេះ ដោយសារតែវាស្ថិតក្នុងរដូវភ្លៀង ព្យុះ ទើបនាវាទេសចរណ៍ខកខាននាំភ្ញៀវចូលចតនៅព្រះរាជាណាចក្រកម្ពុជា ហើយនៅចុងឆ្នាំ២០១៦ និងមាននាវាទេសចរណ៍បរទេសនាំភ្ញៀវចូលចត បោះយុថ្កានៅខេត្តព្រះសីហនុ មានការកើនឡើងជាបន្តបន្ទាប់។
ការកើនឡើងដោយសារតែប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពិសេសកម្ពុជាមានសន្តិសុខ សុវត្ថិភាពធានាក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តព្រះសីហនុ មានតំបន់ទាក់ទាញភ្ញៀវទេសចរមិនចាញ់ខេត្តសៀមរាបអង្គរនោះទេ ដែលមានតំបន់កោះរ៉ុងមានការអភិវឌ្ឍរីកចម្រើនផ្នែកវិស័យទេសចរណ៍ នៅដើមឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តតំបន់កោះក្នុងមួយថ្ងៃ១,០០០នាក់ ដោយសារការធ្វើដំណើតាមផ្លូវទឹកធានាបាននូវសុវត្ថិភាព និងប្រើពេលវេលាតែ៤៥នាទី ដូច្នេះភ្ញៀវអាចទៅកម្សាន្តនៅតាមកោះ ពួកគាត់ត្រឡប់មកកាន់ដីគោកទាន់ពេលវេលា ។ ម្យ៉ាងទៀតកត្តាបរិស្ថាន អនាម័យក៏ជាចំណុចក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើងជាបន្តបន្ទាប់ សាកសមជាតារារះនាទិសនារតី។
នៅរដូវប្រាំងដើមឆ្នាំ២០១៦នេះមាននាវាទេសចរណ៍បរទេសនាំភ្ញៀវទេសចរបរទេសចូលចត និងធ្វើដំណើរកម្សាន្តនៅខេត្តព្រះសីហនុមានចំនួនច្រើនឡើងជាងបណ្តាឆ្នាំកន្លងមក៕
មតិយោបល់