ភ្នំពេញៈ បុរសម្នាក់បើករថយន្តកាមារីមួយគ្រឿង បំពានសញ្ញាភ្លើងស្តុប ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត យ៉ាងដំណំ រីឯម្ចាស់កង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាម ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩និង៤៥ នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IA-5896 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ខាងលើ ស្រាប់តែមានរថយន្តកាមារីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-1758 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកបញ្ច្រាសទិសគ្នា បំពានសញ្ញាភ្លើងស្តុប ក៏បុកជាមួយម៉ូតូកង់បីផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ ចំណែករថយន្តបង្កបែកចង្កៀងខាងមុខ និងកំពិតកាងខាងស្តាំ រងការខូចខាត រីឯម្ចាស់កង់បីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះទៅដល់កន្លែងកើតហេតុ ហើយដោយភាគីទាំងពីរ សុំធ្វើការសម្របសម្រួលគ្នា តែដោយសារភាគីទាំងពីរសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចមូលដ្ឋាន ក៏ទំនាក់ទំនងទៅខាងមន្ត្រីជំនាញ មកយករថយន្ត និងវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕
មតិយោបល់