ព័ត៌មានជាតិ

Update៖ រកឃើញហើយបុរសដែលបានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារកាលពី ៤ថ្ងៃមុន

ភ្នំពេញៈ បុរសម្នាក់បានប្រាប់ប្អូនប្រុសរបស់ខ្លួនថា ចេញទៅទិញខោអាវស្លៀកពាក់ ស្រាប់តែមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារកាលពី៤ថ្ងៃមុន
នៅព្រឹកនេះត្រូវបានប្រជានេសាទប្រទះឃើញ អណ្តែតទឹកទន្លេសាប និងបានរសាត់ មកទើនឹងច្រាំងទន្លេ ។

ហេតុការណ៍ ប្រទះឃើញសាកសពនេះនៅវេលាម៉ោងប្រមាណ ១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុច ច្រាំងទន្លេសាប ក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឱ្យដឹងថា សពបុរសរូបនោះឈ្មោះ ងុន កក្កដា អាយុ ២៩ឆ្នាំ មុខរបរដឹកទំនិញ ស្នាក់នៅជាមួយប្អូនប្រុសម្តុំខាងកើតផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិព្រះ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ជាបងប្រុសរបស់សពជនរងគ្រោះឱ្យដឹងថា ប្អូនរបស់ខ្លួនមានជំងឺសរសៃប្រាសាទធ្វើទុក្ខម្តងម្កាលហើយនៅមុនពេលកើតហេតុជនងគ្រោះ បានប្រាប់ទៅប្អូនប្រុសម្នាក់ទៀតថា ចេញពីផ្ទះទៅទិញខោអាវស្លៀកពាក់ ស្រាប់តែចេញមកបាត់រហូតមិនឃើញត្រឡប់ទៅផ្ទះវិញទេ ក្រោយមកទើបទទួលដំណឹងថា គាត់បានលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារបាត់ហើយ។

គួររំលឹកផងដែរ កាលពីរសៀល ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០២១ មានបុរសម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1E-2599 មកឈប់នៅលើស្ពាន ជ្រោយចង្វារ ហើយចុះពីលើម៉ូតូ រួចធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនពីលើស្ពាននេះ បានសម្រេច ដោយបន្សល់ទុក ម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួន និង ស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូនៅលើស្ពាន ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ។

ហើយរហូតដល់ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីប្រជានេសាទ ប្រទះឃើញសព បុរសរូបនោះអណ្តែត ក្បែរច្រាំងទន្លេ ក្រុមគ្រួសារក៏បានមកដល់ចំណុចទីតាំងកើតហេតុ។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់