ព័ត៌មានជាតិ

មុខសញ្ញាឆក់កាបូបម្នាក់ក្នុងចំណោមគ្នា ៤នាក់ ត្រូវប្ដីម្ចាស់កាបូបធាក់ធ្លាក់ពីលើម៉ូតូហើយឃាត់ខ្លួនបានភ្លាមៗ

ភ្នំពេញ: ជនសង្ស័យជាមុខសញ្ញាឆក់កាបូបចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង ចេញធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ បានសម្រេចហើយបម្រុងគេចខ្លួន ប៉ុន្តែត្រូវបានប្ដីរបស់ស្រ្តីរងគ្រោះឃើញ និងលោតហក់ទៅធាក់ទាន់ បណ្ដាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ព្រមទាំងឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យនគរបាលនាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខរោងចក្រ«អូលីវ» ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើ១,ឈ្មោះ ហ៊ន់ ម៉េងហ៊ួង អាយុ១៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ(ត្រូវចាប់ខ្លួន)។២, ឈ្មោះហាក់ អាយុ១៤ឆ្នាំ ៣,ឈ្មោះសេន អាយុ១៥ឆ្នាំ ៤,ឈ្មោះឡុង អាយុ១៤ឆ្នាំ អ្នកទាំង៣ បានរត់គេចខ្លួនរួច។
ជនរងគ្រោះឈ្មោះ មាស ម៉ារ៉ាឌី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ហើយនៅក្នុងកាបូបមានលុយ៩០ម៉ឺនរៀល ទូរស័ព្ទដៃ១គ្រឿង និងខ្សែដៃប្លាទីន១ខ្សែ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឈរជជែកគ្នាលេងជាមួយអ្នកលក់មីឆា នៅត្រង់ចំណុចកើតហេតុ ខណ:នោះស្រាប់តែជនសង្ស័យទាំង ៤នាក់ ជិះម៉ូតូម៉ាក ស៊ុយហ៊្សុយគីនិច ពណ៌ស១គ្រឿង និងពណ៌លឿង១គ្រឿងក្នុងទិសដៅពីត្បូងទៅជើងមកជិតខ្លួន រួចធ្វើសកម្មភាពឆក់យកាបូបដែលស្រ្តីរូបនោះក្រវ៉ាត់ជាប់ចង្កេះ។ លុះឆក់បានសម្រេចក៏បានព្យាយាមគេចខ្លួន ប៉ុន្តែត្រូវប្ដីស្រ្តីរងគ្រោះឃើញបានលោតហក់ទៅធាក់បណ្ដាលឲ្យជនសង្ស័យឈ្មោះ ហ៊ន់ ម៉េងហ៊ួង ធ្លាក់ពីលើម៉ូតូ រួចក៏ឃាត់ខ្លួនបាន ចំណែកបក្ខពួក ៣នាក់ ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល៕

មតិយោបល់