ព័ត៌មានជាតិ

Update៖ ប្រទះឃើញស្រ្តីម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹក សង្ស័យជាការប្លន់សម្លាប់យកទូដែក

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមានស្រ្តីម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ទឹកក្នុងផ្ទះរបស់ខ្លួន ដែលគេមានការសង្ស័យថា ស្លាប់ដោយអំពើឃាតកម្ម ប្លន់សម្លាប់យកទូដែក ក្នុងខណៈដែលស្រ្តីរងគ្រោះខាងលើ កំពុងស្ថិតនៅក្នុងផ្ទះតែម្នាក់ឯង ហើយអ្នកដែលប្រទះឃើញសាកសពនោះគឺជាកូនបង្កើតរបស់ជនរងគ្រោះ ក្រោយពេលដែលគេត្រឡប់មកពី សាលារៀនវិញ។

ស្រ្តីរងគ្រោះខាងលើនោះត្រូវបានគេស្គាល់ឈ្មោះ ទូច ម៉ារី អាយុ៣៣ឆ្នាំ មានកូនចំនួន៤ ហើយគាត់ទើបតែ សម្រាលកូនស្រីពៅទើបតែបានរយៈពេល២ខែប៉ុណ្ណោះ ហើយសព្វថ្ងៃស្នាក់នៅ ផ្ទះលេខ I -13 ក្រុមទី៨ ភូមិចំការឪឡឹក សង្កាត់កាកាប និងមានស្រុកកំណើតនៅក្នុងឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបាននៅផ្ទះតែម្នាក់ឯងជាមួយកូនស្រី អាយុ២ខែនោះប៉ុណ្ណោះ ដោយសារតែកូនធំៗបានទៅរៀន ចំណែកបុរសជាប្ដីបានទៅរកទិញបន្លែ នៅឯស្រុក ស្អាង ខេត្តកណ្ដាល យកទៅលក់នៅផ្សារនាគមាស រាជធានីភ្នំពេញ។ ខណៈនោះមិនមាននរណាម្នាក់បាន ដឹងថាគាត់មានរឿងអ្វីនោះទេ រហូតដល់ពេលកើតហេតុ ក្រោយពេលត្រឡប់ពីសាលារៀនទៅដល់ផ្ទះ កូនរបស់គាត់បានប្រទះឃើញសាកសពម្ដាយដេកស្លាប់បាត់ទៅហើយ ទើបស្រែកប្រាប់អ្នកជិតខាងឲ្យទៅ មើលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះនគរបាលបានចុះទៅពិនិត្យមើល ហើយមុនដំបូងបានសន្និដ្ឋានថា ជនរងគ្រោះដើររអិលដួលបោកក្បាលស្លាប់ ប៉ុន្តែក្រោយមកបានសង្ស័យថា ស្លាប់ដោយអំពើឃាតកម្មប្លន់ សម្លាប់យកទូរដែកវិញ ព្រោះក្រោយពេលសាច់ញាតិរបស់សាកសពទៅដល់ ឡើងទៅមើលកន្លែងទុកទូដែកនៅជាន់ឡៅតឿ បាត់មិនឃើញទូដែក ហើយខលសួរទៅបុរសជាប្ដីប្រាប់ថា មានទូដែកមែន ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវរកការពិតហើយ៕

https://youtu.be/ZF134vppki8

មតិយោបល់