ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន រេចង្កូតបុកបង្គោលភ្លើងបាក់ ១ដើម នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ បុរសម្នាក់បើករថយន្ត ក្នុងល្បឿនលឿនរ៉េចង្គូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ដាច់ ១ដើម និងរថយន្តរងការខូចខាតនៅផ្នែកខាងមុខ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងបួសឡើយ។

ហេតុការណ៍នេះ បានកើតឡើងនាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវបេតុង ផ្លូវលេខ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្តម៉ាក mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-8716 បើកបរតាមបណ្ដោយ ផ្លូវបេតុង ផ្លូវលេខ១៨០០ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតរថយន្តមកស្តាំដៃបុកបង្គោលភ្លើងដាច់បាក់ ១ដើម អូសតាមរថយន្ត បណ្ដាលឲ្យរថយន្តរងការខូចខាត ១កំណាត់ផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាព តែមិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះឡើយ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ។ ចំណែករថយន្តត្រូវបាននគរបាលចរាចរណ៍ស្ទូចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយជាក្រោយ៕

មតិយោបល់