ព័ត៌មានជាតិ

រថយន្តព្រូសមួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរស០២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង១២ និង៣០ នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង រថយន្តព្រូស មួយគ្រឿង ជ្រុលបុកម៉ូតូឌ្រីមសង់ មួយគ្រឿង បណ្តាលឲ្យបុរស០២នាក់ រងរបួសធ្ងន់ស្រាល ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅវេលាម៉ោងកើតហេតុ គេឃើញរថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2BK-3578 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០០៤ ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ បុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1S-5304 បណ្តាលឲ្យបុរស០២នាក់បងប្អូន រងរបួសធ្ងន់ ស្រាល ។ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ករណីនេះ រថយន្តបានរងការខូចខាតយ៉ាងដំណំ ចំណែកឯម៉ូតូនោះវិញក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើការវាស់វែង ធ្វើកំណត់ហេតុ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា ដើម្បីដោះស្រាយបញ្ហាបញ្ចប់រឿង នៅកន្លែងកើតហេតុ ។ បើភាគីទាំងពីរធ្វើការដោះស្រាយគ្នាមិនត្រូវនោះទេ ។ សមត្ថកិច្ចនឹងធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុក ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ដើម្បីរង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវ ច្បាប់នៅពេលក្រោយបន្តទៀត ៕

មតិយោបល់