ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា បន្ទាប់ពីបានទទួល ករណីសង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល ជាលទ្ធផលជាក់ស្តែង ពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿង សរុបមានអាល់កុលចំនួន ១១២កាន ស្មើនឹង៣.៣៦០លីត្រ។ បន្ទាប់ពីបានធ្វើកំណត់ហេតុ មន្រ្តីជំនាញបានបញ្ជូនមធ្យោបាយ ជាវត្ថុតាងទៅរក្សាទុក នៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ ។
លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុក ដោយមានការឯកភាព ពីឯកឧត្តមព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យ ដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុល និងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង១៨.៨៧០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចចម្រុះសម្រេចបិទសៀលឃ្លាំងជាបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះ ប្រព្រឹត្តទៅដោយមានការ ចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ៕
មតិយោបល់