ព័ត៌មានជាតិ

ជំងឺ​​កូវីដ​១៩ បាន​សម្លាប់​មនុស្ស​ ចំនួន​ប្រមាណជាង​​ ៤លាន១សែននាក់ ហើយ​ចម្លងដល់​មនុស្ស​ជាង ១៩២លាន៦សែន​នាក់ ទូទាំង​ពិភព​លោក

កាលពីថ្ងៃសុក្រ ទី​២៣កក្កដា ទីភ្នាក់​ងារ​សុខភាពសហភាព​​អឺរ៉ុប បាន​សម្រេច​យល់ព្រម ឲ្យ​ចាក់​ថ្នាំបង្ការ​កូវីដ ចំពោះ​កុមារ​និងក្មេង​ជំទង់ ចន្លោះអាយុ​ពី​​១២ទៅ​១៧ឆ្នាំ ឲ្យ​ចាក់​វ៉ាក់​របស់​ក្រុមហ៊ុន Moderna។

នៅ​ទ្វីបអឺរ៉ុប ​និង​សហរដ្ឋ​​អាមេរិក មេរោគកូវីដ ​កូន​កាត់ឥណ្ឌា ​​ដែល​គេ​ហៅថា Delta គឺ​កំពុង​រាតត្បាត​ខ្លាំងក្លា។​ នៅអង់គ្លេស មានឆ្លងប្រមាណ ៤ម៉ឺន ៥ពាន់ ៩០០ករណី ក្នុង១សប្តាហ៍នេះ។ ​ក្នុង​រង្វង់​សហគមន៍​អឺរ៉ុប ប្រទេស​បួន Espagne, Portugal, Malte និង Chypre ត្រូវ​ចាត់ទុក​ជាប្រទេស​ឋិត​ក្នុង​ក្តីព្រួយ​បារម្ភ​ខ្លាំង និងត្រូវប្រុងប្រយ័ត្នខ្ពស់។

​នៅស្រុក​បារាំងវិញ​ គិត​ត្រឹមខែ​កក្កដានេះ​ ជំងឺ​កូវីដ ចម្លង​មេ​រោគ​ដល់​មនុស្ស​ ជិត៦លាននាក់​ ហើយ​សម្លាប់​ពលរដ្ឋ​បារាំង ប្រមាណជាង​១១ម៉ឺននាក់​។ បើ​គិត​ជាមធ្យម ប្រទេស​បារាំង​ឆ្លង​រោគកូវីដ​ ចំនួន​ប្រមាណ​​ ១ម៉ឺន​​ករណី ក្នុងមួយ​ថ្ងៃៗ នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ។ ​អាជ្ញាធរបារាំង​ខាង​​សុខភាព​សាធារណៈ និង​​​ទីភ្នាក់​ព័ត៌មាន​បារាំង​ AFP បានឲ្យដឹងថា នៅបារាំង​ ចាប់​ពី​ពាក់កណ្តាល​ខែ​មិថុនាមក ចំនួន​ឆ្លង​កូវីដ​ បាន​កើនឡើង​ខ្លាំង​ជាលំដាប់។ ក្នុង​សប្តាហ៍​នេះ កូវីដ​ បាន​ឆ្លង​ចំនួន ជាង​៥២ម៉ឺនករណី ហើយបើធៀប​នឹង​សប្តាហ៍​មុន គឺកើនឡើងជាមធ្យម ​៩ភាគរយ​។

ចំណែកនៅ សហរដ្ឋអាមេរិក ​សរុបគិត​ជា​​រួម តាំងពី​ផ្ទុះ​មេរោគ​រាតត្បាតកូវីដ​១៩នេះមក កូវីដ​សម្លាប់​ពលរដ្ឋ​អាមេរិក ​ប្រមាណ​ជាង​៦១ម៉ឺននាក់ ធ្វើឲ្យ​ សហរដ្ឋអាមេរិក​ ក្លាយ​ជាប្រទេស​ដែល​មាន​ចំនួន​អ្ន​កស្លាប់​ច្រើន​ជាង​គេ។ ប្រឈម​នឹង​ការស្លាប់​និងឆ្លង​ច្រើន​ដូច្នេះ អាមេរិកក្រោម​រដ្ឋបាល​លោក បៃដិន ​ប្រឹងប្រែងពង្រីកយុទ្ធនាការ​ចាក់​ថ្នាំបង្ការ​។​ ថ្ងៃ​សុក្រ ទី២៣កក្កដា សហរដ្ឋ​អាមេរិក បានប្រកាសឲ្យដឹង​ថា ខ្លួន​បានបញ្ជាទិញ​ថ្នាំបង្ការ​កូវីដ​ ចំនួន​​ ២០០ លានដូស​បន្ថែមទៀត ពីសម្ព័ន្ធ​ក្រុម​ហ៊ុន Pfizer-BioNTech។ ជាសរុប អាមេរិក​ កក់ទិញ វ៉ាក់សាំង ពីក្រុម​ហ៊ុននេះ​ ចំនួន​៥០០លាន​ដូស ដែល​នឹងត្រូវ​ផ្គត់ផ្គង់​​ ជាដំណាក់កាលៗ។​

នៅអាស៊ីវិញ ក្នុង​សប្តាហ៍នេះ ​ប្រទេស ឥណ្ឌូនេស៊ី មាន​ស្លាប់​ ជាមធ្យម ១ពាន់២រយ​​នាក់ ជា​រៀងរាល់ថ្ងៃ។​​​ ប្រទេស​ ឥណ្ឌា ​ ក៏​មាន​ស្លាប់​ជាង ​១ ពាន់នាក់​ដែរ ក្នុង​មួយ​ថ្ងៃៗ​៕​

 

មតិយោបល់