ព័ត៌មានជាតិ

គោយន្តកន្ត្រៃបត់ឆ្លងផ្លូវ ត្រូវម៉ូតូពន្លះពេញទំហឹង បណ្ដាលឲ្យស្លាប់បុរសម្នាក់

បន្ទាយមានជ័យ: កាលពីថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៥និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនិងគោយន្តកន្ត្រៃ នៅកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០៥០-០៥០១ ក្រៅទីប្រជុំជនផ្លូវចូលទៅភូមិអន្លង្សារ ស្ថិតនៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានដឹងឲ្យថា មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃ ១គ្រឿង ម៉ាក KUBOTA ពណ៌ក្រហម សណ្ដោងរ៉ឺម៉កដែក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកឡើងមកពីផ្លូវលំ មកដល់ចំណុចកើត បានបត់ឆ្វេងដៃទៅទិសខាងលិច ក៏ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប1V-7903 បើកបរដោយឈ្មោះ វ៉ាន់ សុមន: ភេទប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) នៅភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (មានពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ទើបបណ្តាលឲ្យបុកគ្នា ពេញមួយទំហឹង។

ក្រោយកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្ត នៅកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។

ករណីនេះ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកអធិការស្រុក ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់