ភ្នំពេញៈ ករណីប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ជាសន្តិសុខក្រុមហ៊ុន MPA ដេកស្លាប់ជាប់ចិញ្ចើមផ្លូវក្បែរកង់មួយគ្រឿងសង្ស័យខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបេតុង ខាងកើតវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះបើមើលតាមការការងារ មានឈ្មោះ វង្ស ផែង ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរជាសន្តិសុខ ក្រុមហ៊ុនMPA ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅកន្លែងបានឲ្យដឹងថា ជនរងគ្រោះបានជិះកង់ ១គ្រឿង ពណ៌ក្រហមសង្ស័យមកពីធ្វើការរហូតមកដល់ចំណុចកើតហេតុ បានឃើញគាត់ឈប់នៅនោះដោយមិនមាននរណាម្នាក់ ចាប់អារម្មណ៍នោះទេរហូតមកដល់វេលាម៉ោង ៩និង០០នាទីព្រឹក ដោយឃើញគាត់នៅដេកស្ងៀម ហើយក៏មិនដឹងថា ដេកស្លាប់តាំងពីពេលណានោះទេ ដោយមុនគេប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខក្បែរកង់មួយគ្រឿងនៅលើស្មៅជាប់ចិញ្ចើមផ្លូវពេលនោះក៏នាំគ្នាទៅដាស់តែមិនភ្ញាក់ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យជាក់ស្តែងស្វែងរកសាច់ញាតិជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់