ភ្នំពេញៈ នៅវេលាម៉ោង០៩យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តបោះពួយយ៉ាងលឿន បានរេចង្កូតឡើងខឿនចិញ្ចើមផ្លូវ ជ្រុលបុកម៉ូតូមួយគ្រឿង បើកបញ្ច្រាសទិសគ្នា ពេញទំហឹង រងការខូចខាតយ៉ាងដំណំ ត្រង់ចំណុចជាប់ខាងជើងរបងវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវ១០៨៩ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខរដ្ឋ 612-0167 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៨៩ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះពេលបើកបរដល់ត្រង់ចំណុចកើតហេតុ រថយន្តនោះ បានរេចង្កូតទៅខាងស្តាំឡើងខឿនចិញ្ចើមផ្លូវ ។ ខណៈពេលនោះអ្នកបើករថយន្ត ព្យាយាមបួងចង្កូតទៅខាងឆ្វេងវិញ ធ្វើឲ្យរថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-2249 បើកបរដោយបុរសម្នាក់ ទិសដៅបញ្ច្រាសគ្នា ពេញទំហឹង នឹងរុញម៉ូតូទៅបុកផ្ទុបរបងវត្តសំរោងអណ្ដែត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបរម៉ូតូបានរងរបួសគ្រេចជើងខាងស្តាំ រីឯរថយន្តបានរងខូចខាត បែកកាងផ្នែកខាងមុខ ។ បន្ទាប់មកក៏មានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះមកជួយធ្វើការអន្តរាគមន៍ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តមានអ្នកតំណាង បានចេញមុខមកធ្វើការដោះស្រាយ ជាមួយម្ចាស់ម៉ូតូ ។ ភាគីទាំងពីរ មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត បានចេញសំណងចំនួន១០០០ ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
មតិយោបល់