ព័ត៌មានជាតិ

ជនសង្ស័យ០៤នាក់ ជិះម៉ូតូឆក់ទូរស័ព្ទដៃនារីម្នាក់បានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន០២នាក់

ភ្នំពេញ: នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០ នាទី កម្លាំងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ នៅចំណុចបុរីរុងរឿង ផ្លូវលំ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន១១Pro ពណ៌ប្រផេះ) នៅចំណុចមុខហាងកាហ្វេ STARBUCK ផ្លូវលេខ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០ នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១ គ្រឿង បញ្ជូនមកការិយាល័យ ធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ។

ជនសង្ស័យ៖១-ឈ្មោះ វ៉េង មិនា ហៅ ស្វិត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ឃាង សៀងហៃ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៤B ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ លេខតួ លេខម៉ាស៊ីន ៦៨៤១៧២៦ ពាក់ស្លាកលេខភ្នំពេញ ១IL ៦២៥២ ។
ជនរងគ្រោះ (មិនដាក់បណ្តឹង) មិនស្គាល់អត្តសញ្ញាណ ភេទស្រី ជនជាតិខ្មែរ ។

ដំណើររឿងហេតុ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០ និង៤០នាទី មានករណីអំពើលួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿង ម៉ាកអាយហ្វូន ១១Pro ពណ៌ប្រផេះ) នៅចំណុចមុខហាងកាហ្វេ STARBUCK ផ្លូវលេខ៧១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៤ នាក់ ជិះម៉ូតូចំនួន០២ គ្រឿង គឺឈ្មោះ វ៉េង មិនា ហៅ ស្វិត ជិះម៉ូតូរបស់ខ្លួនមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១IL ៦២៥២ ឌុបឈ្មោះ ឃាង សៀងហៃ ,ឈ្មោះ ឈីង ភេទប្រុស អាយុប្រហែល១៦ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌លឿង មិនចាំស្លាកលេខឌុបមិត្តភក្តិម្នាក់ទៀត មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល១៦ ឆ្នាំ ចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋតាមផ្លូវសាធារណ: ក្នុងរាជធានីភ្នំពេញ ។

នៅពេលជនសង្ស័យនាំគ្នាជិះម៉ូតូ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញមនុស្សស្រីម្នាក់ កំពុងដើរដៃកាន់ទូរសព្ទ័និយាយ ឃើញដូច្នេះឈ្មោះ វ៉េង មិនា ហៅ ស្វិត បើកម៉ូតូចូលទៅជិតនារីរងគ្រោះនោះ ហើយឈ្មោះ ឃាង សៀងហៃ ក៏បានធ្វើសកម្មភាព ឆក់យកទូរសព្ទ័ដៃបានសម្រេច ចំណែកឈ្មោះ ឈីង ជិះម៉ូតូឌុបមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត មិនស្គាល់ឈ្មោះ ជិះម៉ូតូបិទគូថពីក្រោយ នាំគ្នាគេចខ្លួនបាត់អស់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកពុំឃើញថា ជនរងគ្រោះ ភេទស្រី ជនជាតិខ្មែរ មិនបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ឡើយ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់