ព័ត៌មានជាតិ

ក្មេងស្ទាវមួយក្រុម ជិះម៉ូតូបង្កហិង្សាដោយមិនដឹងមូលហេតុ វាយជនរងគ្រោះបណ្តាលឲ្យសន្លប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៤និង៥២នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានករណីក្មេងស្ទាវមួយក្រុម មានគ្នាប្រាំទៅប្រាំមួយ នាក់ ជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពវាយទៅលើយុវជនមួយក្រុមទៀត ដោយមិនដឹងពីមូលហេតុ នៅតាមដងផ្លូវ បណ្តាលឲ្យ រងរបួសស្រាលនិងធ្ងន់សន្លប់ម្នាក់ បង្កការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចបុរីសូនី ស្ថិតក្នុងសង្កាត់ស្ទឹងមានទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ យោងតាមប្រភពពីភ្នាក់ងារសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើបទសម្ភាសន៍ សាក្សីដែលបានឃើញហេតុការណ៍ ពួកគាត់បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានធ្វើសកម្មភាពវាយទៅលើយុវជនមួយក្រុមទៀត ដោយមិនដឹងពីមូលហេតុ បណ្តាលឲ្យរងរបួសស្រាលនិងធ្ងន់សន្លប់ម្នាក់ ។ ចំណែកក្រុមក្មេងស្ទាវបង្កហេតុ បានជិះម៉ូតូនាំគ្នាគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោលអស់ ដោយសុវត្ថិភាព នៅមុនពេលសមត្ថកិច្ចចុះទៅដល់ ហើយក្រុមក្មេងស្ទាវបានបន្សល់ទុកម៉ូតូមួយគ្រឿង នៅកន្លែងកើហេតុ ។

ប្រភពព័ត៌មានពីយុវជនរងគ្រោះរបួសស្រាលម្នាក់ បាននិយាយរៀបរាប់ថា ខណៈខ្លួនកំពុងតែជិះម៉ូតូសុខៗ ស្រាប់តែមានក្រុម ជនបង្កស្រែក ថានឹងហើយៗ ក៏បានធ្វើសកម្មភាពវាយសម្រុកមកលើខ្លួន ដោយមិនដឹងពីមូលហេតុ បណ្តាលឲ្យភ័យខ្លាចស្លន់ស្លោ ហើយត្រូវរងរបួសស្រាលផងដែរ ។ ចំណែកពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ផ្ទាល់ ក៏មានការភ័យ រន្ធត់ញ័រដៃញ័រជើង ខ្លះក៏ព្រលឹងចុងសក់ ។ ករណីនេះក៏បង្កឲ្យមានការខូចខាតម៉ូតូ និងសម្ភារៈនៅកន្លែងកើតហេតុនោះផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះមកដល់ចំណុចកើតហេតុ បានហៅរថយន្តមន្ទីរពេទ្យ សួគ៌ា មកដឹកជនរបួសធ្ងន់យកទៅព្យាបាល និងបាននាំជនរងគ្រោះដែលពាក់ព័ន្ធ ក្នុងហេតុការណ៍ខាងលើ យកទៅកាន់ប៉ុស្តិ៍នគរបាល រដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម ។ ករណីខាងលើនេះមិនទាន់ដឹងថាផ្តើមចេញពីមូលហេតុអ្វី ឲ្យពិតប្រាកដនោះទេ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់​ ៕

មតិយោបល់