ភ្នំពេញៈ នៅវេលាម៉ោង០១និង១៦នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះម៉ាស៊ីន ATM របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្ដោយផ្លូវ លេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញម៉ាស៊ីន ATM មួយកន្លែងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានបើកដំណើរធម្មតា ។ ចំណែកហាង PIZZA PEZZO និង ហាង Peach Tea ទាំងពីរនេះ ដែលតាំងនៅខាងក្រោយម៉ាស៊ីន ATM ត្រូវបានម្ចាស់ហាងគេបិទ ទ្វារសម្រាកលែងដំណើរការ ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់លាយឡំ និងអណ្តាតភ្លើងឆាប ឆេះចេញពីម៉ាស៊ីន ATM បានបង្កការភ្ញាក់ផ្អើលកើតឡើង ដល់ពលរដ្ឋដែលរស់នៅក្បែរ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងបានហៅរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកធ្វើការអន្តរាគមន៍ផងដែរ ។ ដោយភ្លើងឆេះខ្លាំងពេក ធ្វើឲ្យពលរដ្ឋមិនហ៊ានយកបំពង់ពន្លត់ អគ្គិភ័យទៅបាញ់ពន្លត់នោះទេ ហើយភ្លើងបានឆាបឆេះរាលដាលដល់ប្រអប់កុងទ័រភ្លើង ដែលនៅលើបង្គោលជិតម៉ាស៊ីន ATM នោះរួមទាំងឆេះរាលដាលដល់ស្លាកយីហោហាងទាំងពីរបន្ថែមទៀត ។ ភ្លើងឆេះរឹតតែខ្លាំងឡើងថែមទៀត ស្របពេលនោះក៏មាន សមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន០៦គ្រឿង បានបាញ់ទឹកពន្លត់អស់ទឹកចំនួន០២រថយន្ត ទើបរលត់ទៅវិញនៅវេលាម៉ោង០១និង៤៥នាទីថ្ងៃដដែលជាស្ថាពរ ។
ករណីអគ្គិភ័យខាងលើនេះ មិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ គឺឆេះខូចខាតស្លាកយីហោ ហាង PIZZA PEZZO និងហាង Peach Tea និងសម្ភារៈរបស់ហាងមួយចំនួនតូច ។ ចំណែកឯម៉ាស៊ីន ATM នោះវិញ បានខូចខាតស្ទើរទាំងស្រុង ។ ចំពោះករណីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
មតិយោបល់