បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ជាជនជាតិថៃប្រុសស្រីចំនួន០៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ពីបទជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យជាជនជាតិថៃ ទាំង០៤នាក់ ឈ្មោះ១/-អាសាណាក់ សាវេត ហៅប៊យ ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើត ឃុំមឿង ស្រុកសាក់វ៉ាន់ ខេត្តស្រះកែវ ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មី ភ្នំបាក់រយៈពេល០៣ខែ (ប្រើប្រាស់គ្រឿងញៀន) ។ ២/-ឈ្មោះ សុគផាកន សាខនផាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ស្រុកកំណើតឃុំតាឡាត់ខ្វាន ស្រុកមឿង ខេត្តនុនថាក់បូរី ធ្លាប់ជាប់ពន្ធនាគារចំនួន២ដង រយៈពេល០៧ឆ្នាំ នៅប្រទេសថៃ ករណីគ្រឿងញៀន ។ ៣/-ឈ្មោះ សាក់សិគ វិមុន ហៅអម ភេទស្រី អាយុ២៩ឆ្នាំ ស្រុកកំណើត នៅឃុំអារញ្ញ ស្រុអារញ្ញ ខេ្តតស្រះកែវ ។ ៤/-ឈ្មោះ អឡាថៃ ឆាមកាថូក ភេទស្រី អាយុ២៧ឆ្នាំ ស្រុកកំណើត ឃុំចរខេហ៊ីន ស្រុកខនបូរី ខេត្តនខនរាជសីម៉ា ។ជនសង្ស័យទាំង០៤នាក់នេះ ស្នាក់នៅក្រុងប៉ោយប៉ែត ។
វត្ថុតាងដែលដកហូតបានមាន៖ ម្សៅក្រាមសថ្លា ០២កូនថង់,ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ WY លើគ្រាប់ថ្នាំតែម្ខាង ចំនួន០៧គ្រាប់ ដែកកេះ០១,បំបង់ចូក០១,ដបកែច្នៃសម្រាប់ជក់២និងទូរស័ព្ទដៃ ០៣គ្រឿង ។
លោកស្នងការរងបានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រួមទាំងបក្ខពួកគេ០២នាក់ផ្សេងទៀត ក្នុងនោះជនជាតិខ្មែរម្នាក់ឈ្មោះ អែម ឡៅ និងជនជាតិថៃម្នាក់ឈ្មោះ ខៈចនសាក់ សូវិតជិត រួមទាំងវត្ថុតាង ម្សៅក្រាមសថ្លាចំនួន០៦កូនថង់ និងថ្នាំញៀនគ្រាប់ ពណ៌ក្រហម មានអក្សរ WY ចំនួន៤៨គ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តរួចហើយ ។
ដោយឡែកជនសង្ស័យ០៤នាក់នេះ បានប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយឈ្មោះ ផាតសាមុន ភូវ៉ាស៊ុនសេងសាំង ភេទស្រី អាយុ២៩ឆ្នាំ ជាជនជាតិថៃ ដែលរកឃើញវិជ្ជមានកូវីដ១៩ ត្រូវបានគ្រូពេទ្យឲ្យសម្រាកព្យាបាល នៅបន្ទប់មណ្ឌលសុខភាពប៉ោយប៉ែត ។
ដូច្នេះអ្នកទាំង០៤នាក់ តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយត្រូវបានក្រុមគ្រូពេទ្យបានចេញលិខិតឲ្យចេញពីមណ្ឌល ធ្វើចត្តាឡីស័ក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។ ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ សមត្ថកិច្ចបានឃាត់ខ្លួន និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់