ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនលើសកម្រិតម្នាក់ យកកាំបិតខ្វែវកាប់ជនរងគ្រោះពីក្រោយដាច់ឆ្អឹងកស្លាប់

ត្បូងឃ្មុំៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៦ និង៥០នាទី នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ហាយ សីហា ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះឈ្មោះ គីម ចាន់ ភេទប្រុស អាយុ ៣២ ឆ្នាំ នៅភូមិជាមួយគ្នា ត្រូវចំកពីក្រោយដាច់ឆ្អឹង ស្លាប់នៅកន្លែងកើតហេតុ ខណៈពេលជនរងគ្រោះ កំពុងអង្គុយហូបបាយ​ហើយជនសង្ស័យ ជាមនុស្សប្រើសារធាតុញៀនលើសកម្រិត យកកាំបិតទៅកាប់ជនរងគ្រោះ ។

ក្រោយពេលកើតហេតុ លោកអធិការនគរបាលស្រុកមេមត់ បានទទួលព័ត៌មានពីកម្លាំងភ្នាក់ងារ អំពីហេតុការណ៍ខាងលើនេះ រួចភ្លាម លោកបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ ចុះដល់កន្លែងកើតហេតុ ឃើញជនសង្ស័យនៅក្នុងបន្ទប់ជញ្ជាំងដែកទ្វារឈើ ប្រក់ដែក ដៃមានកាន់កាំបិតខ្វែវចំនួន០១ ពូថៅចំនួន០១ និងដែកឆាបចំនួន០១ ។ កម្លាំងនគរបាលបានបង្ក្រាបជនសង្ស័យ ដោយប្រើរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកទម្លាយជញ្ជាំងដែក បណ្តាលឲ្យជនសង្ស័យ ព្រមទម្លាក់វត្ថុតាង ដែលកាន់ជាប់និងដៃចោល ហើយដើរចេញមកប្រគល់ខ្លួន ឲ្យសមត្ថកិច្ចចាប់ខ្លួនតាមសម្រួល ។ ពេលបង្រ្កាបជនសង្ស័យ មានស្នាមរបួសនៅជើងខាងស្តាំបន្តិច ដោយមុតនិងឧបករណ៍របស់ខ្លួនឯង ៕

មតិយោបល់