កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំ ឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៥និង៣៨នាទី មានករណីខ្សែភ្លើងឆក់មនុស្សស្លាប់ម្នាក់ឈ្មោះ ងឿន សៅផាន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានមកធ្វើការជាជាងផ្សារដែក ធ្វើផ្ទះឲ្យឈ្មោះ ហេង ឡាយ ប្រពន្ធឈ្មោះ ស្រឿន ស្រីតី នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ពេលកំពុងផ្សារ ដោយការធ្វេសប្រហែស បានយកដៃទៅកាន់ដែក ដែលមានចរន្តឆ្លងកាត់ ក៏ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
តាមការពិនិត្យ និងការបញ្ជាក់ពី កម្មករដែលធ្វើការជាមួយគ្នា និងម្ចាស់ផ្ទះប្រាប់សមត្ថកិច្ចថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើងបា្រកដមែន មិនពាក់ព័ន្ធករណីផ្សេងទេ ។ សពបានប្រគល់ជូនក្រុមគ្រួសារ នៅភូមិថ្នល់បំបែក ឃុំអមលាំង យកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់