រថយន្តធុនធំបត់ចំណុចផ្លូវបំបែក កៀរជាមួយម៉ូតូ បណ្តាលឲ្យដួលរងការខូចខាត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តដឹកជ្រូកធុនធំបត់ ប៉ះកៀររជាមួយម៉ូតូ បណ្តាលឲ្យដួលរងការខូចខាត សំណាងអ្នកបើកបរមិនមានរបួស ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ បេតុងឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំ ដែលពាក់ស្លាកលេខ ភ្នំពេញ 3F-0395 និងម៉ូតូម៉ាកខ្លិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HH-6790 ភាគីទាំង២ធ្វើដំណើរស្របទិសដៅគ្នា ពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ដល់ផ្លូវបំបែកជា២ ស្រាប់តែបត់ទៅផ្លូវម្ខាងទៀត ក៏កៀរប៉ះជាមួយម៉ូតូខាងលើ បណ្តាលឲ្យដួលរងការខូចខាត ផ្នែកខាងមុខ ចំណែកអ្នកបើកបរ សំណាងល្អមិនមានរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់ខាង ដើម្បីការពារការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត ព្រមចេញថ្លៃតាមការសំណូមពររបស់ម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង ៕

មតិយោបល់