ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាច់កម៉ូតូ

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវបានចុះបង្រ្កាបករណីចោរលួចកាច់កម៉ូតូ នៅចំណុចផ្សារស្វាយដូនកែវ ស្ថិតនៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថាករណីចុះបង្រ្កាបនេះសមត្ថកិច្ចយើងបានចាត់កម្លាំងជាពីរក្រុម ក្រុមទី១ ល្បាតពួនស្ទាក់នៅចំណុចផ្សារបឹងខ្នារតាមបណ្តោយផ្លូវជាតិលេខ៥ និងក្រុមទី២ ល្បាតពួនស្ទាក់នៅចំណុចផ្លូវលោកផ្លូវទៅវត្តប្រាសាទ។

លុះដល់ម៉ោង៨និង២០នាទី ជនសង្ស័យបានជិះម៉ូតូមកដល់ចំណុចផ្លូវលោក ផ្លូវក្រាលគ្រួសក្រហមស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារបានជួបនិងសមត្ថកិច្ចពេលនោះជនសង្ស័យបានផ្តួលម៉ូតូចោល ហើយបានរត់គេច រីឯសមត្ថកិច្ចក៏បានដេញតាមរហូតចាប់បានជនសង្ស័យ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ។

ជនសង្ស័យឈ្មោះហៃ សម្បត្តិ ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិចម្ការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

របាយការណ៍បានឲ្យដឹងទៀតថាសមត្ថកិច្ចយើងបានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខបាត់ដំបង 1AG 7333 និង

ផ្លែសម្រាប់កាច់សោម៉ូតូចំនួន០៣ និង ដងសោខ្សៀចំនួន០១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចយើងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដើម្បីរៀបចំទៅតាមនីតិវិធី៕

មតិយោបល់