ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ធ្វើសកម្មភាពលួចយកទូរស័ព្ទ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុក ចម្រើន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកដឹកជញ្ជូនអីវ៉ាន់អនឡាញ ។

ជនសង្ស័យឈ្មោះ ង្វៀង យុាំងពៅ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺ នៅចំណុចកើតហេតុ ជនរងគ្រោះបានខ្ទប់ទ្វារផ្ទះ ដោយពុំបានចាក់សោ ហើយបើកម៉ូតូដឹកប្រពន្ធទៅកន្លែងធ្វើការ នៅហាងសាំងកាល់តិច ពេលត្រឡប់មកវិញស្រាប់តែឃើញ​ជនសង្ស័យ កំពុង​ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន ដែលដាក់សាកថ្មនៅក្នុងផ្ទះ។ ឃើញដូចនោះជនរងគ្រោះ ក៏បានស្រែកឆោឡោរ និងឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអូប៉ូ ពណ៌ទឹកមាស ជារបស់ជនរងគ្រោះ ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនងគ្រោះវិញតាមការស្នើសុំ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់