ភ្នំពេញៈ នៅវេលាម៉ោង ១១និង៥៨នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿង យ៉ាងលឿន រេចង្កូតជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកក និងរទេះលក់ទឹកអំពៅចំនួនពីរគ្រឿង ដែលឈប់នៅលើចិញ្ចើមផ្លូវ ហើយបើកគេចខ្លួន ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន ត្រង់ចំណុចក្បែរទីស្នាក់ការសង្កាត់ទួលសង្កែទី២ តាមបណ្ដោយផ្លូវ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-2600 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ៩២ ក្នុងទិសដៅពីលិចទៅកើត មានល្បឿនលឿន ។ លុះពេលបើកបរដល់ត្រង់ចំណុចកើតហេតុក្បែរស្ថានីយប្រេងឥន្ធនៈកាល់ទិចមួយកន្លែង រថយន្តបានរេចង្កូតទៅខាងស្តាំ ជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកទឹកកកមួយគ្រឿង ដែលឈប់ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ។ ហើយរថយន្តនៅមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុករទេះលក់ទឹកអំពៅមួយគ្រឿងទៀត ខ្ទាតអំពៅរាយប៉ាយពេញផ្លូវ រងការខូចខាតយ៉ាងដំណំ ។ រីឯរថយន្តមិនបានឈប់នោះទេ បានបន្ថែមល្បឿនបើកគេចខ្លួន ចេញពីកន្លែងកើតហេតុ ទាំងរងការខូចខាតទៅជួបគោលដៅ របស់គណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី២ កំពុងអនុវត្តបំរាមគោចរ រួចក៏ត្រូវបានធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជាប់តែម្ដង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅជួបធ្វើការចរចាគ្នា ជាមួយម្ចាស់រថយន្តបង្ក ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីខាងរថយន្តព្រមយកម៉ូតូសណ្តោងរ៉ឺម៉ក និងរទេះលក់ទឹកអំពៅទៅជួសជុលឲ្យ ដើម្បីបញ្ចប់រឿង ៕
មតិយោបល់