ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួល ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤៥នាទី មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យឈ្មោះ ខេង មុន្នីនាថ ហៅខ្លឹង ភេទប្រុស រស់នៅភូមិថ្មី០២ សង្កាត់តាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ខេង មុន្នីនាថ ហៅខ្លឹង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅបន្ទប់ជួលភូមិថ្មី០២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរជាងអ៊ុតសក់ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ១.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២២កញ្ចប់តូច។ ២.ទូរស័ព្ទចំនួន០២គ្រឿង ។ ៣.លុយខ្មែរចំនួន៣៧២០០រៀល (បីម៉ីនប្រាំពីពាន់រៀល) ។

មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់តាខ្មៅ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅបន្ទប់ជួលB នៅភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ពេលនោះលោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុ ហើយគោះទ្វារហៅម្ចាស់បន្ទប់ ។ រួចសួរនាំនិងធ្វើការឆែកឆេរ រកមិនឃើញមានវត្ថុតាងឡើយ ក្រោយមកមានមនុស្សម្នាក់ ឈ្មោះ គង់ សុវណ្ណ ភេទប្រុស អាយុ៤៩ឆ្នាំ ដែលមានផ្ទះមានរបងដីឡូតិ៍ ជាប់បន្ទប់ទឹករបស់ឈ្មោះ ខេង មុន្នីនាថ ហៅខ្លឹង បានរើសថង់ពណ៌សមួយ ដែលធ្លាក់ចូលមកក្នុងដីឡូតិ៍ផ្ទះក្បែរបន្ទប់ទឹក របស់ជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ច ។ ពេលនោះកម្លាំងសមត្ថកិច្ចបានធ្វើកាឆែកមើល ឃើញម្សៅក្រាមសថ្លាចំនួន២២កញ្ចប់តូច រួចរាយការណ៍ជូនលោកអធិការ និងឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់