ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ យកដំបងដែកវាយម៉ូតូជនរងគ្រោះបែកកុងទ័រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ០០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ រ៉ា ដានី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ វណ្ណា វណ្នី ហៅ តាដក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ ១. ដែកបំពង់ ចំនួន ០២ដើម, ៣. បំណែកចង្ក្រានដី ចំនួន ០១ដុំ ទំហំប៉ុនកជើង, ៤. ដុំថ្ម ចំនួន ០១ដុំ ទំហំប៉ុនកដៃ
ការខូតខាត និងបាត់បង់៖បណ្ដាលអោយខូចខាតម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ូគី ប៊ីត ពណ៌សលាយខៀវ ពាក់ផ្លាកលេខៈ កណ្ដាល 1AJ.6964 (បែកកុងទ័រ) ។

កន្លងមកជនសង្ស័យឈ្មោះ វណ្ណា វណ្នី ហៅ តាដក់ តែងតែរករឿងអ្នកជិតខាងជាញឹកញាប់ ដោយធ្វើសកម្មភាព ស្រែកឡូឡាតាមផ្លូវ ជួនកាលមានកាន់ដុំថ្ម និងកាំបិតនៅក្នុងដៃដើរតាមផ្លូវផងដែរ ។ នៅមុនថ្ងៃកើតហេតុជនសង្ស័យ បានធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើដំបូលផ្ទះរបស់អ្នកភូមិម្ដងរួចមកហើយ ហើយសមត្ថកិច្ចបានចុះទៅតាមរកចាប់ខ្លួនជនសង្ស័យដែរ តែជនសង្ស័យបានគេចខ្លួនបាត់ ។

រហូតមកដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ០០នាទី ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅខាងមុខផ្ទះ ហើយខ្លួនបានចូលទៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាព កាន់ដំបងដែកយកទៅវាយកុងទ័រម៉ូតូរបស់ជនរងគ្រោះ បណ្តាលអោយបែកខូចខាតតែម្ដង ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់