ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿង បុកជាមួយរថយន្ត១គ្រឿង បណ្តាលឲ្យខូចខាតខាងយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូសណ្តោងរ៉ឺម៉ក២គ្រឿង ជ្រុលទៅបុកជាមួយរថយន្តកាមរីបាឡែន បណ្តាលឲ្យរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខខ្លោងទ្វារវត្តព្រៃស្ពឺ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្តោងរ៉ឺម៉កម៉ាក វីវ៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AB-6756 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់កន្លែងកើតហេតុ ចំណុចផ្លូវបំបែកខាងលើ ស្រាប់តែមាន ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត ដែលពាក់ស្លាកលេខ កំពត 1A-5775 ដែលបើកបរពីជើងទៅត្បូង មកដល់បានបត់ ឆ្វេងចូលតាម ច្រកខ្លោងទ្វារវត្ត ស្របពេលនោះ ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-5261 ដែលបើកបរ ចេញពីច្រកខ្លោងទ្វារវត្តបំណងបត់ស្តាំ តែមិនទាន់បានបត់ផង ស្រាប់តែម៉ូតូសណ្តោងរ៉ឺម៉ក ២គ្រឿងបុកគ្នា រួចជ្រុលទៅប៉ះ និងរថយន្តខាងលើ បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់អែបខាង ការពារការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំង៣ និយាយដោះស្រាយគ្នាមួយជំហានសិន បើមិនត្រូវនិងរាយការណ៍ទៅផ្នែកជំនាញ ចុះយកទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់