កំពង់ឆ្នាំង: យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរួចពីសេចក្តីស្លាប់ ខណៈដែលជនរងគ្រោះទាំងអស់នេះបានចូលជ្រកភ្លៀង និងហូបបាយថ្ងៃត្រង់ នៅខ្ទមចាំស្រែមួយកន្លែងក្រោមម្លប់ដើមសុព័រដ៏ធំមួយស្ថិតនៅចំណុចដីមួយកន្លែងក្នុងភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុករលាប្អៀរហើយត្រូវរន្ទះបាញ់ចំខ្ទមនោះតែម្តង។
តាមសេចក្តីសាក្សីបានប្រាប់ Post News ឲ្យដឹងថា ហេតុការរន្ទះប្រល័យជីវិតមនុស្ស៤នាក់តែមួយប៉ព្រិចភ្នែកនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ខណៈដែលជនរងគ្រោះសម្រាកពីភ្ជួរស្រែមកហូបបាយក្នុងខ្ទម និងមេឃកំពុងតែភ្លៀងផងដែរ។
តាមដែលអ្នកនៅរស់រានមានជីវិតម្នាក់ ក្នុងចំណោម៥នាក់ ឈ្មោះ ជី ទិ អាយុ១៨ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង៥នាក់ ដែលមិនមែនជាសាច់ញាត្តិនឹងគ្នា តែជាអ្នកមានដីស្រែជាប់គ្នា បានសម្រាកពីភ្ជួរ ដកស្ទូង ហើយបានមកជួបជុំគ្នា ក្នុងខ្ទមស្រែជាចំណុចកើតហេតុ ដើម្បីហូបបាយជុំគ្នា ។ ក្នុងពេលនោះ បានអង្គុយជុំគ្នា រៀបចំលាបង្វិចបាយរៀងៗខ្លួន ចំណែករូបគាត់ ហាក់ដូចអស់កម្លាំងបន្តិច បានប្រាស់ដេកតម្រង់ខ្នងក្បែរ ពួកគេ ដោយមិនទាន់ងើបអង្គុយលាកញ្ចប់បាយនៅឡើយទេ ខណៈនោះមេឃចាប់ផ្តើមងងឹតស្លុបពីលើ ហើយបានធ្លាក់ភ្លៀងតិចៗស្រាប់តែ រន្ទះបាញ់លាន់ឮសូរគ្រាំង!ឡើងហឹងត្រចៀក រូបគាត់មើលទៅមនុស្សទាំង៤នាក់ បានដួលព្រមគ្នា នៅក្បែរខ្លួនគាត់ ។ បន្ទាប់មកគាត់បានព្យាយាមដាស់តែគ្មានអ្នកណាម្នាក់ដឹងខ្លួនឡើយ គឺបានស្លាប់ទាំងអស់ ។
បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតមាន ទី១,ឈ្មោះ ម៉ៅ សារ៉េត ហៅ ហាត អាយុ៥៤ឆ្នាំ ទី២,ឈ្មោះ ម៉ៅ ចាន់ថា អាយុ១៧ឆ្នាំ ទី៣,ឈ្មោះ ចំ ពិសី អាយុ២១ឆ្នាំ និងទី៤ឈ្មោះ សាត ជុំ អាយុ២៩ឆ្នាំ ទាំង៤នាក់នៅលីវ ។ ជនរងគ្រោះទាំងអស់ មានទីលំនៅ ភូមិព្រៃសំពៅឃុំប្រស្នឹប ស្រុករលាប្អៀរ ។
ជនរងគ្រោះទាំង៤នាក់ នឹងធ្វើបុណ្យសពរួមគ្នា គ្រាន់តែធ្វើទីកន្លែងបូជាសពខុសគ្នាៗ តែនៅក្នុងវត្ត ព្រៃសំពៅជាមួយគ្នា ដោយសារតែពួកគាត់មានជីវភាពក្រីក្រ៕
មតិយោបល់