ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ចំនួន០៣នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥៤ នាទី ចំណុចស្ពានដែក លើផ្លូវលំ ស្ថិតក្នុងភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកម៉ូតូ ។

មុនពេលកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកអ៊ិចស៊ីទ័រ ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ (គ្មានមួក គ្មានកញ្ចក់) បើកបរដោយឈ្មោះ ស្រឿង ចាន់ទ្រា ភេទប្រុស អាយុ២៣ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិកាប់ទូក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតចូលចំណែកផ្លូវម្ខាង ទៅបុកម៉ូតូ០១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានផ្លាកលេខ (គ្មានមួក គ្មានកញ្ចក់) បើកបរដោយឈ្មោះ រស់ រីម ភេទប្រុស អាយុ៥០ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) អ្នករួមដំណើៈ១-ឈ្មោះ ហ៊ុន ង៉ែត ភេទស្រី អាយុ៥៣ឆ្នាំ (ប្រពន្ធ) របួសធ្ងន់, ២-ឈ្មោះ រ៉ន យ៉ាងកូ ភេទប្រុស អាយុ៤ឆ្នាំ (ចៅ) របួសធ្ងន់ ទាំង០៣នាក់ មានទីលំនៅភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង០២ ត្រូវបានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់