ព័ត៌មានជាតិ

ក្មេងប្រុសចំនួន០២នាក់ បានលង់ទឹកស្រះស្លាប់ ក្នុងថ្ងៃតែមួយដោយឡែកពីគ្នា

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសចំនួន០២នាក់ បានលង់ទឹកស្លាប់ ក្នុងថ្ងៃតែមួយដោយឡែកពីគ្នា ម្នាក់នៅស្រុកមង្គលបូរី និងម្នាក់ទៀត នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១ មានក្មេងប្រុសម្នាក់ឈ្មោះ ឈួម លីហុង ភេទប្រុស អាយុ០៦ឆ្នាំ នៅភូមិគោគច្រាប ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តប​ន្ទាយមានជ័យ បានលង់ទឹកស្រះនៅខាងជើងពីផ្ទះចម្ងាយ ប្រហែល២០០ម៉ែត្រ ដោយឪពុកម្តាយរវល់ទៅស្រែ ក្មេងរងគ្រោះនៅជាមួយជីតា ។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុប្រហែលជាម៉ោង០៨ព្រឹក ថ្ងៃទី០៣ ខែសីហា ឈ្មោះ រិន វ៉ាន់ អាយុ៧៤ឆ្នាំ ត្រូវជាជីតាកុមារារងគ្រោះ បានដើរទៅបេះផ្លែក្រសាំងនៅចំការខាងជើងផ្ទះចម្ងាយ២០០ ម៉ែត្រ ដោយពុំដឹងថាចៅប្រុសដើរតាមនោះឡើយ នៅពេលគាត់ត្រឡប់មកផ្ទះវិញ មិនឃើញចៅនៅផ្ទះក៏ដើរសួរក្មេងៗ ដែលលេងជាមួយឲ្យជួយដើររក ក៏ប្រទះឃើញស្បែកជើងនៅមាត់ស្រះ នៅពេលចុះរាវរកឃើញសពក្មេងរងគ្រោះ បានលង់ទឹកស្លាប់បាត់ទៅហើយ ។ តាមការពិនិត្យក្មេងរងគ្រោះ ពិតជាស្លាប់ដោយលង់ទឹកស្រះស្លាប់ប្រាកដមែន សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ។

និងមួយករណីទៀត នៅស្រុកស្វាយចេក មានកុមារាម្នាក់ឈ្មោះ សង ចាន់រុន អាយុ០៨ឆ្នាំ ជាក្មេងកើតជំងឺស្កន់ជាន់ មានទីលំនៅភូមិពន្សាយជើង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារលង់ទឹកស្រះផងដែរ ។

បើតាមការឲ្យដឹងពីនគរបាល ប្រាប់ថា នៅចន្លោះម៉ោង០២និង៤០នាទីរសៀលដល់ម៉ោង០៧និង២០នាទីយប់ ថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២១ សង្ស័យក្មេងរងគ្រោះបានចុះងូតទឹកស្រះ ដែលនៅចម្ងាយពីភូមិ២០ម៉ែត្រ ដោយគ្មាននរណាដឹង ចំណែកឪពុកម្តាយរវល់ទៅស្រែ នៅពេលត្រឡប់មកវិញ មិនឃើញកូននៅនឹងផ្ទះ ។

នគរបាលបានបញ្ជាក់ថា ពេលឪពុកម្តាយត្រឡប់មកពីស្រែវិញ ដោយបាត់កូនមិនឃើញក៏ដើររក ប្រទះឃើញសពកូនស្លាប់ក្នុងទឹកស្រះចម្ងាយ២០ម៉ែត្រពីភូមិ សង្ស័យនៅពេលដែលក្មេងកំពុងងូតទឹកលេងម្នាក់ឯងនោះ ជំងឺស្កន់បានរើ បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងទឹកដោយគ្មានអ្នកដឹង សពត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកសង្រែង ៕

មតិយោបល់