កំពង់ចាមៈ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានសហការគ្នា បង្ក្រាបបទល្មើសជួញដូរថ្នាំញៀន ២ករណីផ្សេងគ្នា ដកហូតថ្នាំញៀនចំនួន១៤កញ្ចប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ។
នគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់នេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន២ករណី ផ្សេងគ្នា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដោយករណីទី១ ធ្វើឡើងនៅ វេលាម៉ោង៩ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉ាត ខុង ភេទប្រុស អាយុ២៥ ឆ្នាំ នៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជនសង្ស័យរូបនេះ បានយកថ្នាំញៀនមកចែកចាយនៅចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដកហូតថ្នាំញៀនប្រភេទក្រាម ពណ៌ស ចំនួន១០ កញ្ចប់ ។
ប្រភពដដែល បានបន្ដទៀតថា ចំណែកករណីទី២ ធ្វើឡើងកាលពីវេលាម៉ោង១៥ និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចខាងលើ បានបន្តស្រាវជ្រាវ និងប្រើវិធានការញ៉ុះញង់ ហើយបានធ្វើការដកហូតថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន៤កញ្ចប់ (ធំ២ ,តូច២ ) និងបាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត ទី១.ឈ្មោះ គឹម យ៉េង ភេទប្រុសអាយុ២៦ឆ្នាំ មានទីលំនៅភូមិប្រខ្នោ ឃុំស្រម៉ ស្រុកជើង ព្រៃខេត្តកំពង់ចាម ។ និងជនសង្ស័យទី២.ឈ្មោះចិន ស៊ាងលី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិតាសែន ឃុំសូរទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងថ្នាំញៀនជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់